(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា ប្រធានសភាជាតិថ្មីមកពីគណបក្សប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) គឺជាភ្ញាក់ងារ និងអាយ៉ងរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គាត់ (លោក Guaido) គឺជាអាយ៉ង និងភ្នាក់ងារដែលទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកបង្កើតឡើង... ហើយតាមការពិតអ្នកដែលគ្រប់គ្រងគាត់ច្បាស់ណាស់ គឺសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា សភាវេណេស៊ុយអេឡាត្រូវបានគណបក្សប្រឆាំងគ្រប់គ្រង តាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ។ ដូច្នេះហើយទើប លោក ម៉ាឌូរ៉ូ បានបង្កើតសភាធម្មនុញ្ញមួយទៀតឡើង ដើម្បីពង្រឹងអំណាច និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមដែលលោកត្រូវការ។ លោក Juan Guaido បានឡើងកាន់តំណែងជាប្រធានសភាជាតិកាលពីសប្ដាហ៍មុន រីឯលោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវស្បថឡើងកាន់តំណែងជាផ្លូវការនៅ ថ្ងៃទី១០ ខែមករានេះ ក្នុងអាណត្តិទី ២ សម្រាប់រយៈពេល ០៦ឆ្នាំ បន្ទាប់ពីលោកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឧសភា ឆ្នាំ២០១៨ កន្លងទៅ។
ទោះបីជាបែបនេះក្តី កាលណោះលោក ម៉ាឌូរ៉ូ បានស្បថឡើងកាន់តំណែងនៅចំពោះមុខតុលាការកំពូល មិនមែននៅចំពោះមុខសភាជាតិនោះឡើយ ហេតុដូច្នេះទើបប្រទេសមហាអំណាចមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសតំបន់អាមេរិកឡាទីនដែលដើរតាមគន្លងអាមេរិក បានរួមគ្នាដាក់សម្ពាធ និងថ្កោលទោសរដ្ឋាភិបាលវេណេស៊ុយអេឡា៕