(អាមេរិក)៖ ការជួបជុំគ្នាធំបំផុតប្រចាំឆ្នាំរបស់ សហគមន៍តារាវិទូនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រព្រឹត្តទៅនៅឯទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោនភាគខាងលិច តែអវត្តមានក្រុមសំខាន់ៗមួយចំនួនដូចជាទីភ្នាក់ងារអវកាស NASA ជាដើមដោយសារតែការបិទទ្វារនៃរដ្ឋាភិបាលអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្រ្តដទៃទៀតសរុបជិត ៣,២០០នាក់ នឹងត្រូវចូលរួមសន្និសីទ American Astronomical Society ហៅកាត់ថា AAS លើកទី ២៣៣ ដែលចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងមជ្ឈមណ្ឌលសម្រាប់រៀបចំសន្និសីទនៃរដ្ឋវ៉ាស៊ីនតោន។
ក៏ប៉ុន្តែអ្នកដែលបានចុះឈ្មោះពី ៣០០នាក់ ទៅ ៤៥០នាក់ នឹងមិនអាចចូលរួមព្រឹត្តិការណ៍ជួបជុំគ្នានេះបានឡើយ ដោយសារតែការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ ដែលកំពុងឈានចូលដល់សប្តាហ៍ទី ៤។ បុគ្គលិករដ្ឋដែលគេចាត់ទុកថា «មិនសំខាន់» ជាង ៣៨០,០០០នាក់ ដោយរួមបញ្ចូលទាំង៩៥ភាគរយនៃបុគ្គលិកបម្រើការនៅអង្គការ NASA ត្រូវអវត្តមានពីការងារពីព្រោះតែបញ្ហានេះ។ ដូច្នេះហើយបុគ្គលិក NASA ដែលគ្រោងនឹងទៅចូលរួមសន្និសីទខាងលើ ហើយធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវរបស់ពួកគេនោះ នឹងត្រូវខកខានមិនអាចចូលរួមបានវិញ។
គួរជម្រាបថា លទ្ធផលសិក្សាស្រាវជ្រាវមួយចំនួន ដែលនឹងត្រូវបង្ហាញក្នុងសន្និសីទ AAS ក៏រួមមាននូវលទ្ធផលពីកែវយឺតអវកាស TESS របស់អង្គការ NASA ដែលទើបបាញ់បង្ហោះកាលពីខែមេសា ឆ្នាំ២០១៨ ដែលមានភារកិច្ចឆ្លុះមើលភពនៅក្រៅប្រព័ន្ធព្រះអាទិត្យផងដែរ។ ក្រៅពីនេះនឹងការធ្វើបទបង្ហាញពីលទ្ធផលអង្កេតថ្មីៗនៃប្រហោងខ្មៅ បន្ទុះស៊ូភើណូវ៉ាដែលកើតឡើងដោយការរលាយផ្កាយធំៗ រលកវិទ្យុអាថ៌កំបាំងពីទីអវកាស បាតុភូតទង្គិចគ្នានៃផ្កាយណឺត្រុង និងរលកទម្លាញជាដើម ហើយនេះគ្រាន់តែជាប្រធានបទត្រួសៗប៉ុណ្ណោះ។
យ៉ាងណាមិញ ដោយសារការបិទទ្វាររដ្ឋាភិបាលអាមេរិក នឹងធ្វើឲ្យការធ្វើបទបង្ហាញក៏ដូចជាការជជែកពិភាក្សាអំពីប្រធានបទសំខាន់ៗទាំងនេះ នឹងកើតឡើងទាំងអស់ឡើយ ដោយសារតែបុគ្គលិករដ្ឋដែលទទួលបន្ទុកលើរឿងទាំងនេះ មិនអាចចូលរួមសន្និសីទ AAS បាន៕