(តូក្យូ)៖ ប៉ូលិសជប៉ុនក្នុងទីក្រុងតូក្យូកំពុងធ្វើការស៊ើបអង្កេត លើករណីធ្វើអត្តឃាតរបស់មន្ត្រីប៉ូលិសម្នាក់ ដែលទទួលបន្ទុកគ្រប់គ្រងចរាចរណ៍នៅក្បែរតំបន់ដែលរថយន្ដមួយគ្រឿងបានបើកបំបុកហ្វូងមនុស្ស បណ្ដាលឱ្យមានអ្នករងរបួស ០៩នាក់កាលពីអំឡុងរដូវកាលឆ្លងឆ្នាំថ្មី២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
កាលពីអំឡុងរដូវកាលឆ្លងឆ្នាំថ្មីកន្លងទៅ បុរសម្នាក់ឈ្មោះ កាស៊ុហ៊ីរ៉ុ គូសាកាបេ (Kazuhiro Kusakabe) មានអាយុ ២១ឆ្នាំ បានបើករថយន្ដបំបុកហ្វូងមនុស្សនៅក្នុងតំបន់ ហារ៉ាជូគុ (Harajuku) នៃទីក្រុងតូក្យូ ដោយបណ្ដាល់មនុស្ស ០៩នាក់រងរបួស ក្នុងនោះមានម្នាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។ ប៉ុន្តែហេតុការណ៍នេះប៉ុន្មានថ្ងៃ មន្ត្រីប៉ូលិសម្នាក់មានអាយុ ៣៦ឆ្នាំ មកពីនាយកដ្ឋានចរាចរណ៍នៅក្នុងតំបន់ ត្រូវបានគេរកឃើញថា បានស្លាប់ដោយបាញ់សម្លាប់ខ្លួនឯង នៅក្នុងស្ថានីយប៉ូលិស Harajuku។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅក្រោយការស្លាប់របស់ប៉ូលិសចរាចរណ៍ខាងលើឡើយ តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប៉ូលិសរូបនេះសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ជាមួយការបន្សល់ទុកពាក្យបណ្ដាំមួយសន្លឹក ដែលត្រូវបានគេជឿ ជាក់ថា ជាការបង្ហាញការទទួលខុសត្រូវ ខណៈមានសេចក្ដីរាយការណ៍ថា ប៉ូលិសរូបនេះក៏ត្រូវបានគេយាយីនៅកន្លែងការងារផងដែរ៕