(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានធ្វើការបញ្ជូននាវាពិឃាត-មីស៊ីលរបស់ខ្លួន ទៅកាន់តំបន់ក្បែរប្រជុំកោះផារ៉ាសែលណ (Paracel) ដែលជាកោះជម្លោះមួយ ស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយការធ្វើបែបនេះត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកកំពុងតែតទល់ជាមួយចិនត្រង់ៗតែម្តង ខណៈដែលចិនកន្លងមកតែងតែអះអាងថា ប្រជុំកោះមួយនេះ គឺជាកម្មសិទ្ធិរបស់ខ្លួនស្របច្បាប់។ នេះបើតាមការចេញផ្សាយដោយកាសែតអាមេរិក The Wall Street Journal នារសៀលថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
នាវាពិឃាតបំពាក់គ្រាប់មីស៊ីលទំនើបខាងលើនេះ មានឈ្មោះថា USS McCampbell បានធ្វើដំណើរទៅកាន់តំបន់រសើបខាងលើនេះ ដើម្បីចូលរួមនៅក្នុងការល្បាតយោធាក្រោមទង់សេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់ប្រជុំកោះ ផារ៉ាសែល ហើយនាវាចម្បាំងអាមេរិកនោះកំពុងចល័តនៅក្នុងរយៈចម្ងាយ ២០គីឡូម៉ែត្រ ពីប្រជុំកោះ។
គួរបញ្ជាក់ថា ភ្លាមៗបន្ថែមនេះគេពុំទាន់ឃើញមានប្រតិកម្មណាមួយ ត្រូវបានឆ្លើយតបពីសំណាក់ទីក្រុងប៉េកាំងនៅឡើយទេ ប៉ុន្តែទង្វើរបស់អាមេរិកពេលនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកោះតៃវ៉ាន់បានអះអាងថា ខ្លួនកំពុងទទួលរងការព្រមានធ្ងន់ៗពីទីក្រុងប៉េកាំង និងបានអំពាវនាវឲ្យអន្តរជាតិជួយការពារលទ្ធិប្រជាធិបតេយ្យ និងផ្លូវដែលខ្លួនកំពុងដើរផង៕