(ស៊ីដនី)៖ ក្រោយ​ធ្វើតេស្ត​ទទួលជោគជ័យខ្លាំង​កាលពីខែតុលាឆ្នាំមុន បច្ចេកវិទ្យាកាមេរ៉ា​ដំបូងគេលើលោក នឹងត្រូវបំពាក់​​ជាអចិន្ត្រៃយ៍​នៅក្នុងទីក្រុងស៊ីដនី​ប្រទេសអូស្រ្តាលី​ ចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីចាប់សកម្មភាព​អ្នកប្រើប្រាស់ទូរស័ព្ទដៃ​ ​ក្នុង​អំឡុងពេល​បើកបរយានយន្ត។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នា២០១៩។

​សម្រាប់ដំណើរការ​នៃបច្ចេកវិទ្យាកាមេរ៉ា​ទំនើបនេះ គឺ វានឹងថត​យករូបភាពអ្នកបើកបរ តាមផ្ទៃកញ្ចក់ផ្នែកខាងមុខនៃ​រថយន្ត ក្រោយមករូបភាព​ទាំងនោះ​​នឹងត្រូវវិភាគភ្លាមៗ​តែម្តង ដោយ​ប្រព័ន្ធកុំព្យូរទ័រឆ្លាតវៃ (AI) ហើយបើរូបភាពណាមួយត្រូវ​ AI កំណត់​ថា ទំនងជាមានបញ្ហានោះ វានឹងត្រូវពិនិត្យមើល​បន្ទាប់ទៀត​​ដោយ​មនុស្សសម្រាប់ការបញ្ជាក់ចុង​ក្រោយ។

គួរជម្រាបថា យោងតាមស្ថិតិ​​ពីសាកលវិទ្យាល័យឃ្វីនស៍ឡេន Queensland ក្នុងចំណោមគ្រោះ​ថ្នាក់ចរាចរណ៍ ០៤ករណី​​នៅ​​ប្រទេស​អូស្រ្តាលី​ ក្នុងនោះមាន ០១ករណី​ ត្រូវបានបង្កឡើងដោយកត្តាប្រើប្រាស់ទូរស័ព្ទដៃ ខណៈបច្ចេកវិទ្យាកាមេរ៉ានេះ​ត្រូវបានគេជឿជាក់ថា នឹងអាច​ផ្លាស់ប្តូរឥរិយាបថ​របស់អ្នកបើកបរ និងអាចសង្រ្គោះ​ជីវិតមនុស្ស​បាន៕