(ហូជីមិញ)៖ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះថា ករណីវីរុសគ្រុនផ្តាសាយបក្សីបានផ្ទុះឡើងនៅខេត្ត ឡុងអាន (Long An) ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
បើតាមមន្ទីរកសិកម្មវៀតណាម ពេលថ្មីៗនេះវីរុសគ្រុនផ្តាសាយបក្សី H5N1 បានឆ្លង និងសម្លាប់សត្វមាន់ក៏ដូចជាទារាប់រយក្បាលក្នុងកសិដ្ឋានរបស់គ្រួសារមួយ និងទាប្រមាណ ៣,៦០០ក្បាលរបស់គ្រួសារមួយទៀតនៅក្នុងឃុំ ឡុងសុន (Long Son) នៃស្រុក ខេនដុក (Can Duoc)។
ជាការឆ្លើយតបភ្លាមៗ បណ្តាទីភ្នាក់ងារដែលពាក់ព័ន្ធ បានសម្លាប់សត្វបក្សីចិញ្ចឹមដែលឆ្លងចោលទាំងអស់ ហើយកម្ចាត់វីរុសចេញពីទីតាំងដែលត្រូវបានវាយលុកពីវីរុស H5N1 និងបានរឹតបន្តឹងការត្រួតពិនិត្យលើការដឹកញ្ជូនមាន់-ទា នៅតាមតំបន់រងការប៉ះពាល់ក៏ដូចជាតំបន់ក្បែរខាង ព្រមទាំងបង្កើនការចាក់វាក់សាំងការពារវីរុសគ្រុនផ្តាសាយបក្សីឲ្យសត្វទាំងនេះ។
គួរជម្រាបថា យោងតាមការបញ្ជាក់របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ប្រទេសអាស៊ានមួយនេះ ពុំធ្លាប់មានករណីមនុស្សឆ្លងវីរុស H5N1 ទៀតឡើយគិតចាប់តាំងពីឆ្នាំ២០១៤ មក៕