(រីយ៉ាដ)៖ ស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នឹងទទួលបានការជូនដំណឹងតាមរយៈសារ បើសិនជាលែងលះក្រោមច្បាប់ថ្មីមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារពួកគេពីការបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ដោយពួកគេមិនបានដឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ច្បាប់ថ្មីខាងលើបានចូលជាធរមានកាលពីថ្ងៃអាទិត្យ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាមធ្យោបាយមួយមានគោលដៅបញ្ចប់ការលែង លះជាសំងាត់ ឬមិនបានជូនដំណឹង ដែលតែងតែកើតមានឡើងក្នុងសង្គម ក៏ដូចជាការធានាថា ស្ត្រីអារ៉ាប៊ីសាអូឌីតបានដឹងយ៉ាងពេញលេញពីស្ថានភាពគ្រួសារបស់ខ្លួន ព្រមទាំងអាចការពារសិទ្ធិមួយចំនួន ក្នុងនោះរួមមានទាំងការទទួលបានអាហាររូបត្ថម្ភ ដើម្បីចិញ្ចឹមកូនផងដែរ។
បន្ថែមពីលើនេះ ស្រ្តីអារ៉ាប៊ីសាអូឌីតអាចចូលមើលពីព័ត៌មានលែងលះរបស់ពួកគេ នៅក្នុងគេហទំព័រក្រសួងយុត្តិធម៌អារ៉ាប៊ីសាអូឌីតបាន។ នៅក្នុងសង្គមអារ៉ាប៊ីសាអូឌីតនោះ គឺដោយសារតែប្រុសៗមានសិទ្ធិយកប្រពន្ធលើសពី ១ ហើយប្រុសៗមួយចំនួនបានលែងលះប្រពន្ធមួយទៅយកប្រពន្ធថ្មីមួយទៀត ដោយមិនបានប្រាប់ប្រពន្ធដើមអំពីការលែងលះនោះក៏មានដែរ។
គួរបញ្ជាក់ថា ច្បាប់ថ្មីនេះបានចូលជាធរមាននៅក្នុងបរិបទ ដែលព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន់ ចាប់ផ្ដើមផ្ដល់នូវសិទ្ធិកាន់តែទូលាយដល់ស្ត្រី ក្នុងនោះរួមមានដូចជាការអនុញ្ញាតឱ្យស្ត្រីបើករថយន្ដ ចូលរួមក្នុងការបោះឆ្នោតថ្នាក់តំបន់ និងចូលក្នុងពហុកីឡដ្ឋានជាដើម ដែលពីមុនមកវាត្រូវបានរារាំងទាំងអស់៕