(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានឱ្យដឹងថា នឹងបន្ថែមកម្មវិធីថ្មីមួយនៅលើទូរទស្សន៍វៃឆ្លាត ឬ Smart TV របស់ខ្លួននៅប៉ុន្មានខែខាងមុខទៀតនេះ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលមាតិកាដែលបានទិញនៅលើកម្មវិធី iTunes របស់ក្រុមហ៊ុន Apple។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
នៅក្រោមកិច្ចព្រមព្រៀងត្រូវបានទម្លាយកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Samsung នឹងបន្ថែមកម្មវិធីថ្មីរបស់ខ្លួនទៅលើទូរទស្សន៍វៃឆ្លាត ដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរក ក៏ដូចជាដំណើរការ iTunes movies និងកម្មវិធីទូរទស្សន៍ដែលមានស្រាប់របស់ពួកគេព្រមទាំងអាចទិញ ឬជួលនូវមាតិកាថ្មីៗ (new content) ទៀតផង។
លើសពីនេះទៅទៀត Samsung ក៏បានបញ្ជាក់ដែរថា ខ្លួននឹងបន្ថែមកម្មវិធី AirPlay 2 នៅលើ Smart TV ដែលនឹងអនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទដៃ iPhone អាចទទួល ឬបញ្ជូនទិន្នន័យ ឬក៏មាតិកាពីទូរស័ព្ទដៃទៅកាន់ Samsung Smart TV ដែលនេះជាការបោះជំហានមួយថ្មីជាមួយក្រុមហ៊ុនយក្សកូរ៉េ ដែលធ្លាប់មានជម្លោះស្ទើរផ្ទុះពិភពបច្ចេកវិទ្យារវាងគ្នា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីខាងលើត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីមួយរបស់ក្រុមហ៊ុន Apple ខណៈការលក់ទូរស័ព្ទដៃ iPhone បានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ២០១៨ ចំពោះមុខការកើនឡើងនៃឥទ្ធិពលទូរស័ព្ទដៃចិន។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងនេះក៏ជាសញ្ញាដំបូងមួយផងដែរ ដែលក្រុមហ៊ុនម៉ាកសញ្ញាផ្លែប៉ោមមួយនេះ សម្លឹងមើលសក្តានុពលនៃការចែកចាយកម្មវិធីរបស់ Apple លើទូរទស្សន៍ដែលជាឧបករណ៍ផលិតដោយក្រុមហ៊ុនដទៃ៕