(ការ៉ាកាស់)៖ ចៅក្រមតុលាការកំពូលវេណេស៊ុយអេឡាលោក គ្រីស្ទាន ហ្សែប៉ា (Christian Zerpa) បានរត់ភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាការតវ៉ាប្រឆាំងជំទាស់នឹងការឡើងកាន់អំណាចក្នុងអណត្តិទី ២ របស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ថ្លែងប្រាប់វិទ្យុ Florida radio station កាលពីថ្ងៃអាទិត្យ លោក Zerpa ដែលធ្លាប់ជាមនុស្សជំនិតរបស់លោក ម៉ាឌូរ៉ូ បានអះអាងថា ការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន បានប្រព្រឹទ្ធទៅដោយគ្មានភាពសេរី និងយុត្តធម៌។ មិនតែប៉ុណ្ណោះលោកក៏បានចោទប្រកាន់លោក ម៉ាឌូរ៉ូ ផងដែរថា បានលូកដៃ និងកំពុងគ្រប់គ្រងកិច្ចការទាំងឡាយរបស់តុលាការកំពូល។ ប៉ុន្តែជាការឆ្លើយតប អាជ្ញាធរទីក្រុងការ៉ាកាស់បាននិយាយថា លោក Zerpa រត់ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែគេចវេសពីការចោទប្រកាន់ ពាក់ព័ន្ធនឹងអំពើរំលោភបំពានផ្លូវភេទ។
គួរជម្រាបថា លោក Christian Zerpa នេះហើយគឺជាអ្នកជួយឱ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ មានអំណាចធំដូចសព្វថៃ តាមរយៈការតាក់តែងច្បាប់មួយផ្ដល់សិទ្ធិឱ្យលោក ម៉ាឌូរ៉ូ អាចរំលាយសភាបាន និងបង្កើតតុលាការធម្មនុញ្ញ។ លោក ម៉ាឌូរ៉ូ នឹងត្រូវស្បថឡើងកាន់ តំណែងជាប្រធានាធិបតីវេណេស៊ុយអេឡាក្នុងអណត្តិទី ២ ជាផ្លូវការនៅថ្ងៃទី១០ ខែមករានេះ៕