(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាពេលថ្មីៗនេះ បានចេញការព្រមានធ្ងន់ៗថា នឹងអារកសម្លាប់ក្រុមមេគ្រឿងញៀនធំៗ ដែលហ៊ានប្រព្រឹត្តបទល្មើសមិនអាចលើកលែងបាននេះ នៅក្នុងប្រទេសជាទីស្រឡាញ់របស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។
ដោយធ្លាប់សន្យាយ៉ាងមុតមាំថានឹងលុបបំបាត់បទល្មើសគ្រឿងញៀនចេញឲ្យអស់ពីប្រទេស បុរសខ្លាំងហ្វីលីពីនរូបនេះ បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើអ្នកឯងជាមេគ្រឿងញៀនធំៗ ខ្ញុំនឹងគ្មានថ្ងៃលើកលែងឲ្យឡើយ ហើយខ្ញុំនឹងអារកអ្នកឯងនៅចំពោះមុខក្រុមសកម្មជនការពារសិទ្ធិមនុស្សថែមទៀត។ ខ្ញុំមិនខ្វល់នោះទេ ព្រោះខ្ញុំបានប្រាប់ហើយថា កុំឲ្យប្រព្រឹត្តបទល្មើសបែបនេះក្នុងប្រទេសខ្ញុំ»។
គួរជម្រាបថា ក្រោយពីបានឡើងកាន់អំណាចនៅខែមិថុនា ឆ្នាំ២០១៦ លោក ឌូតឺតេ បានបើកយុទ្ធនាការកណ្តាប់ដៃដែក ប្រឆាំងនឹងបទល្មើសគ្រឿងញៀននៅទូទាំងផ្ទៃប្រទេស ដែលបានបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់។
ដោយសារតែរឿងនេះ លោក ឌូតឺតេ បានរងការចោទប្រកាន់ថារំលោភសិទ្ធិមនុស្សពីអង្គការអន្តរជាតិ។ បើតាមអង្គការអន្តរជាតិតួលេខមនុស្សស្លាប់ពិតប្រាកដ គឺច្រើនជាងឆ្ងាយពីស្ថិតិរបស់រដ្ឋាភិបាលហ្វីលីពីន ដែលថាមានមនុស្សត្រឹមតែ៤,៥០០នាក់បានបាត់បង់ជីវិត។ អាជ្ញាធរហ្វីលីពីនបានទទូចថា ភាគច្រើននៃជនរងគ្រោះទាំងនោះ គឺជាជនសង្ស័យជួញដូរនិងរត់ពន្ធគ្រឿងញៀន៕