(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃបាននិងកំពុងត្រៀមរៀបចំយានជំនិះដឹកស្បៀងអាហារ ដូចជាអង្ករ ស៊ុត ប្រេង ត្រីខ មីកំប៉ុង និងឧបករណ៍សំខាន់ៗ សម្រាប់ផ្តល់ជូនជនដែលរងគ្រោះ ដោយសារព្យុះត្រូពិច Pabuk នៅតាមតំបន់ភាគត្បូងនៃប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។
ជាមួយគ្នានេះ ធនាគារ Government Housing Bank (GHB) ដែលបង្កើតឡើងដោយអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ក៏បានផ្តល់កញ្ចប់ឥណទានទំហំ១ពាន់លានបាត ស្មើនឹងជាង៣១លានដុល្លារ សម្រាប់ប្រជាជនដែលលំនៅឋានបានរងការខូចខាតដោយសារព្យុះ Pabuk ផងដែរ។ រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ Sontirat Sontijirawong បានឲ្យដឹងថា ប្រជាពលរដ្ឋអាចស្វែងរកកញ្ចីបន្ថែមនិងកញ្ចីថ្មីពីធនាគារ GHB បានថែមទៀត ដើម្បីសាងសង់លំនៅឋានថ្មី បើសិនជាផ្ទះរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុងដោយគ្រោះធម្មជាតិ។
គួរជម្រាបថា ព្យុះត្រូពិច Pabuk បានផ្តាច់ជីវិតមនុស្ស០៤នាក់ និងបង្ខំឲ្យរាប់ពាន់នាក់ជម្លៀសខ្លួនជាពីផ្ទះសម្បែង។ អាជ្ញាធរឧតុនិយមថៃ បានឲ្យដឹងថា វាគឺជារឿងចម្លែកខ្លាំងមួយ ដែលព្យុះត្រូពិចបានបោកបក់មកចំប្រទេសថៃបែបនេះ។ លើកចុងក្រោយដែលព្យុះត្រូពិចបានវាយប្រហារលើប្រទេសថៃ គឺកាលពីឆ្នាំ១៩៦២ នៅពេលព្យុះឈ្មោះថា Harriet បានវាយលុកខេត្តចំនួន១២ និងឆក់យកជីវិតមនុស្ស៩០០នាក់។ ម៉្យាងវិញទៀត ក៏ពុំមានកំណត់ស្តីពីព្យុះត្រូពិច ដែលបានវាយលុកប្រទេសថៃ នៅអំឡុងខែមករា កុម្ភៈ ឬក៏មីនា នោះដែរ គិតចាប់តាំងពីឆ្នាំ១៩៥១មក៕