(គែរ)៖ មន្រ្តីប៉ូលិសអេហ្ស៊ីបម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសនាថ្ងៃសៅរ៍នេះ ក្នុងពេលព្យាយាមដោះគ្រាប់បែកមួយគ្រាប់ នៅក្បែរព្រះវិហារមួយកន្លែង ក្នុងទីក្រុងគែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។
គ្រាប់បែកបានផ្ទុះឡើងក្នុងបរិវេណនៃព្រះវិហារ Saint Mary & Martyr Abou Sefein របស់ក្រុមគ្រីស្ទាន Coptic នៅសង្កាត់ Nasr City នៃទីក្រុងគែរប្រទេសអេហ្ស៊ីប ខណៈដែលមន្រ្តីប៉ូលិសទាំងពីរនាក់ កំពុងត្រួតពិនិត្យកាបូបគួរឲ្យសង្ស័យមួយ។ ខណៈពុំទាន់មានក្រុមណាមួយចេញមុខអះអាងថាជាទង្វើរបស់ពួកគេ សកម្មភាពវាយប្រហារភាគច្រើន ត្រូវបានធ្វើឡើងដោយបណ្តាញក្រុមភេរវករ ISIS ដែលមានមូលដ្ឋាននៅឧបទ្វីបស៊ីណៃ។
គួរជម្រាបថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅពីរថ្ងៃមុនការប្រារព្ធបុណ្យណូអែល របស់ក្រុមគ្រីស្ទាន Coptic ដែលរស់នៅក្នុងប្រទេសអេហ្ស៊ីប។ ក្រុមគ្រីស្ទាន Coptic ដែលមានចំនួនស្មើ១០ភាគរយនៃប្រជាជនសរុប១០០លាននាក់របស់អេហ្ស៊ីប តែងប្រារព្ធបុណ្យណូអែលនៅថ្ងៃទី០៧ ខែមករា មិនដូចតំបន់ផ្សេងៗទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ នោះឡើយ៕