(តែលអាវីវ)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានព្រមានរដ្ឋាភិបាលស៊ីរីថា មិនគួរចាត់ទុក​ការត្រៀម​ដកទ័ព​របស់សហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី ជា​ឱកាសបើកដៃឲ្យប្រើប្រាស់អាវុធគីមី​ឲ្យសោះ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។

លោក Bolton បាននិយាយដូច្នេះថា «ពុំមានការប្រែប្រួលដាច់ខាត​នៃគោលជំហរសហរដ្ឋអាមេរិក ក្នុង​ការប្រឆាំង​នឹង​ការ​ប្រើប្រាស់អាវុធគីមី​ដោយ​របបដឹកនាំស៊ីរី ហើយយើងក៏មិនផ្លាស់ប្តូរគោលជំហរនោះដែរថា សកម្មភាពទាំងឡាយ​នៃ​ការ​ប្រើ​អាវុធ​គីមី​ នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងចាស់ដៃ ដូចដែល​ពួកយើងធ្លាប់បានធ្វើដល់ទៅពីរលើករួចមកហើយ ដូច្នេះប្រធានាធិបតីស៊ីរី លោក អាស្សាដ កុំស្រមៃឲ្យសោះ»។ ខណៈពេលនេះ លោក Bolton ក្នុង​ស្ថិតក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល០៤ថ្ងៃនៅអ៊ីស្រាអែល និងទៅកាន់​តួកគី។

គួរជម្រាបថា ចាប់តាំងពីឡើងកាន់អំណាចមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យ​មានការបាញ់​ស្រោចមីស៊ីលទៅលើប្រទេសស៊ីរីចំនួនពីរដង​ កាលពីខែមេសា ឆ្នាំ២០១៧ និង​ខែមេសា ឆ្នាំ២០១៨ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល លោក អាស្សាដ បានប្រើប្រាស់​អាវុធ​គីមី៕