(បាងកក)៖ អ្នកដំណើរ០៦នាក់​បានបាត់បង់ជីវិត និង៥០នាក់​ទៀត​បានរងរបួស នៅពេលរថយន្តក្រុងទេសចរណ៍​ប្រភេទ​ពីរ​ជាន់​​មួយ​គ្រឿង​បាន​ក្រឡាប់ នៅភាគកណ្តាលប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅ​រសៀលថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។​

យោងតាមការស៊ើបអង្កេតរបស់ប៉ូលិសថៃ រថយន្តក្រុងខាងលើជាកម្មសិទ្ធិ​​ក្រុមហ៊ុនទេសចរណ៍ Prayad បានចាកចេញ​ពី​ស្រុក Phanom Phrai ក្នុងខេត្ត Roi-et ដើម្បីឆ្ពោះមកកាន់ទីក្រុងបាងកក។ គ្រោះថ្នាក់នេះបានកើតឡើងក្នុងស្រុក Khlong Luang នៃខេត្ត Pathum Thani នៅពេលមានភ្លៀងធ្លាក់ បន្ទាប់ពីតៃកុងឡាន​បានជាន់ហ្វ្រាំងយ៉ាងគំហុក ដើម្បីគេចពី​យាន​ជំនិះមួយគ្រឿងនៅចំពីមុខខ្លួន។

គួរជម្រាបថា ក្នុងចំណោមអ្នកស្លាប់ រួមមានបុរសម្នាក់ ស្រ្តី០៤នាក់ និងទារិកាម្នាក់ អាយុទើបពី៣ទៅ៥ខែប៉ុណ្ណោះ។ រីឯ​អ្នករងរបួសប្រហែល៥០នាក់ ត្រូវបានរួសរាន់បញ្ជូនទៅកាន់​មន្ទីរពេទ្យនានា ដែលស្ថិតនៅក្បែរតំបន់កើតហេតុ៕