(ហ៊ែលស៊ីនគី)៖ គណៈប្រឹក្សាភិបាលដោះស្រាយជម្លោះនៃប្រទេសហ្វាំងឡង់ (CDB) បានបង្គាប់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft សងថ្លៃជំងឺចិត្តដល់បុរសជនជាតិហ្វាំងឡង់ម្នាក់ ដោយសារតែប្រព័ន្ធប្រតិបត្តិការ (OS) Window 10 សុខៗត្រូវបានដំឡើងដោយមិនមានការអនុញ្ញាតពីបុរសម្នាក់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។
ការដំឡើង Window 10 បានចាប់ផ្តើមនៅពេលម្ចាស់កុំព្យូទ័រខាងលើ កំពុងតែធ្វើការងារនៅលើកុំព្យូទ័ររបស់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៦ ដោយពេលនោះ Microsoft មិនបានស្នើសុំការអនុញ្ញាត ហើយសមីខ្លួនផ្ទាល់ក៏ពុំបានផ្តល់សិទ្ធិអនុញ្ញាតអ្វីដែរ។ ក្រោយមក ប្រព័ន្ធកុំព្យូរទ័រនោះបានចាប់ផ្តើមលោតចេញសារ Error ជាបន្តបន្ទាប់។
ជុំវិញរឿងនេះ CDB បានសន្និដ្ឋានថា ក្រុមហ៊ុន Microsoft គ្មានសិទ្ធិដំឡើង Window 10 ដោយពុំមានការយល់ព្រមឡើយ ហើយបញ្ហាបានកើតមានក្នុងការដំឡើងថែមទៀត ដូច្នេះ Microsoft មានភារកិច្ចត្រូវសងជំងឺចិត្តដល់ម្ចាស់កុំព្យូទ័រ។ CDB ក៏បានសម្រេចថា Microsoft ត្រូវសងថវិកាចំនួន១,២៥៣ដុល្លារ ដល់បុរសជនជាតិហ្វាំងឡង់ខាងលើ៕