(អង់ការ៉ា)៖ ប៉ុន្មានថ្ងៃមុនមានសេចក្តីរាយការណ៍ថា ប្រតិភូរដ្ឋាភិបាលអាមេរិកមួយក្រុម បានព្យាយាមបញ្ចុះ​បញ្ចូល​ទីក្រុង​អង់ការ៉ាឲ្យ​បោះបង់ចោលការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ហើយងាកមកទិញ​ប្រព័ន្ធមីស៊ីល Patriot របស់ខ្លួនវិញ ប៉ុន្តែ​​​តួកគីបានបដិសេធសំណើនេះចោល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​អាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានរាយការណ៍ថា សហរដ្ឋអាមេរិកបានស្នើ​លក់​ប្រព័ន្ធ​មីស៊ីល Patriot មកឲ្យ​ទីក្រុងអង់ការ៉ា ក្រោយក្រសួងការបរទេសអាមេរិក បានអនុញ្ញាត​គម្រោងលក់​មកឲ្យតួកគីនូវ ​មីស៊ីល​ GEM-T ​ចំនួន៨០គ្រាប់ សម្រាប់ប្រព័ន្ធ Patriot MIM-104E និងមីស៊ីល MSE ចំនួន៦០គ្រាប់ សម្រាប់ប្រព័ន្ធ PAC-3 ក្នុង​តម្លៃ៣.៥ពាន់លានដុល្លារ។ ប៉ុន្តែសំណើរបស់​ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតួកគីបដិសេធចោល។

គួរជម្រាបថា ប្រព័ន្ធ S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័តជំនាន់ចុងក្រោយ របស់ប្រទេសរុស្ស៊ី ដែលអាច​បំពាក់មីស៊ីលបាន០៣ធុន និងមានសមត្ថភាពកម្ទេច​គោលដៅជាច្រើនប្រភេទលើផ្ទៃអាកាស រួម​មាន​ដូចជា​យន្តហោះ​ឈ្លបការណ៍និងមីស៊ីលផ្លោង នៅរយៈចម្ងាយ​ខ្លីឬក៏​ឆ្ងាយខ្លាំងក៏បាន៕