(អាមេរិក)៖ បច្ចុប្បន្នលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ហាក់ដូចជាស្ថិតនៅក្នុងកណ្តាប់ដៃរបស់មនុស្ស​តែ០៣នាក់​​ប៉ុណ្ណោះ ដែលអាចចាត់ទុកថាជា «អធិរាជនៃបណ្តាញអ៊ីនធើណែត» គឺ​នាយកក្រុមហ៊ុន Facebook លោក Mark Zuckerberg នាយក Twitter លោក Jack Dorsey និង ​នាយក Google លោក Sundar Pichai។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន Daily Nation នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។

បុគ្គលទាំងបីនាក់នេះ ត្រូវគេមើលឃើញថាគឺជា សសរស្នូលនៃលទ្ធិប្រជាធិបតេយ្យសព្វថ្ងៃ ដោយពួកគេ​ជាអ្នក​គ្រប់គ្រង​លើ​​បណ្តាញ​ទំនាក់ទំនង​ដ៏មានឥទ្ធិពល ដែលមានសារសំខាន់ជាខ្លាំង ចំពោះសង្គមប្រជាធិបតេយ្យនៅជុំវិញ​ពិភពលោក។

*ការឃោសនាបំភ្លៃព័ត៌មាន
Facebook ដែលមានអ្នកប្រើប្រាស់ប្រមាណ០២ពាន់លាននាក់ គឺជាឧបករណ៍យ៉ាងសំខាន់មួយ ក្នុងការកំណត់​អំណាច​នយោបាយនៃបណ្តាប្រទេសភាគច្រើន។ អ្វីដែលធ្វើឲ្យរបបដឹកនាំនយោបាយ​ ជុំវិញពិភពលោក មានការភ័យខ្លាចនោះ​ គឺការដែល Facebook និងបណ្តាញសង្គមដទៃទៀត ត្រូវបានប្រើប្រាស់ក្នុងផ្លូវអាក្រក់ ដើម្បីដឹកមុខឆន្ទៈ​​របស់​មនុស្ស​រាល់គ្នា​នៅក្នុងផ្នែកនយោបាយ តាមរយៈការបង្កើតនិងចែកចាយព័ត៌មានបំភ្លៃ។

ដូច្នេះហើយទើប Facebook បានទទួលការរិះគន់ជាខ្លាំង និងត្រូវចោទប្រកាន់ថា បានជួយរុស្ស៊ីជះឥទ្ធិពល​លើ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ ប៉ុន្តែការប្រើបណ្តាញសង្គមដើម្បីធ្វើបែបនេះ មិនមែន​មាន​​​នៅសហរដ្ឋអាមេរិកតែឯងឡើយ។ អ៊ុយក្រែន អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ បារាំង សុទ្ធតែធ្លាប់ភ្លក្សរសជាតិ ហើយ​សូម្បី​តែ​​ Brexit (ដំណើរការដកអង់គ្លេសចេញពីសហភាពអឺរ៉ុប) ក៏បានរងឥទ្ធិពលពី​ការឃោសនាបំភ្លៃព័ត៌មាន តាមបណ្តាញ​សង្គម​ផងដែរ។

*ការប៉ះពាល់ដល់សង្គមប្រជាធិបតេយ្យ
សព្វថ្ងៃបណ្តាញសង្គម កំពុងបង្កការគំរាមកំហែងដែលនឹងបំផ្លាញ​សង្គមប្រជាធិបតេយ្យ ដែលជាអ្នកផ្តល់កំណើតឲ្យ​ពួក​វា។ ពីដំបូងឡើយបណ្តាញសង្គម ត្រូវគេសង្ឃឹមថានឹងអាចជួយ​ពង្រីកលទ្ធិប្រជាធិបតេយ្យ នៅពាសពេញពិភពលោក​ ប៉ុន្តែពួកវាត្រូវបានក្រុមឆ្លៀតឱកាសប្រើប្រាស់ជាកន្លែងផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងភ្លូកទឹកភ្លូកដីទៅវិញ។

លទ្ធិប្រជាធិបតេយ្យ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឆ្លុះបញ្ចាំងពី ​ឆន្ទៈ​នៃការឃោសនាព័ត៌មានបំភ្លៃ។ ដោយឡែក បណ្តាញ​សង្គម​ទាំងនេះ មានឥទ្ធិពល​កំណត់ទៅលើការយល់​ឃើញ មតិយោបល់ និងការសម្រេចចិត្តរបស់​​សាធារណជន​ក្នុង​ផ្នែក​នយោបាយ ដូច្នេះហើយ ពួកវាក៏មានឥទ្ធិពល​លើ​​​គោលនយោបាយនិងការដឹកនាំផងដែរ និយាយ​រួម​ពួក​វា​ជា​អ្នក​សម្រេច​ទៅ​លើ​អំណាចនយោបាយតែម្តង។

គួរជម្រាបថា ដោយដឹងពី​គ្រោះថ្នាក់នៃ​ការចែកចាយព័ត៌មានមិនពិត និង​ការដែលវាអាច​បំផ្លាញមុខមាត់​និង​ចំណូលរបស់​ខ្លួន បណ្តាញសង្គមដូចជា Facebook បានចាប់ផ្តើមចាប់ដៃគូជាមួយ​​ក្រុមហ៊ុន​ត្រួតពិនិត្យខ្លឹមសារព័ត៌មាន​ នៅ​​២៤ប្រទេស ប៉ុន្តែមិនទាន់មានការបញ្ជាក់ឲ្យដឹងពីប្រសិទ្ធភាពនៃគម្រោងនេះនៅឡើយទេ។ ចំណែកប្រទេសមួយៗផ្ទាល់​ ​ក៏ត្រូវ​មាន​ភារកិច្ច​បង្កើត​យន្ត​ការ​តាមដាន ដើម្បីទប់ស្កាត់ការបំភ្លៃព័ត៌មានផងដែរ។

យ៉ាងណាមិញ អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក នៅតែអាស្រ័យទៅលើ​បុគ្គលទាំង០៣នាក់ខាងលើ​​ដដែលគឺ លោក Zuckerberg, Pichai, និង Dorsey ដែលពុំមាននរណាម្នាក់បានបោះឆ្នោតជ្រើសរើសពួកគេឡើយ ប៉ុន្តែ​នេះហើយគឺជាសង្គមដែលផ្នែកទៅលើលំហូរព័ត៌មាន នាសម័យបច្ចុប្បន្ន៕