(ប៉ារីស)៖ ក្រុមអ្នកតវ៉ាអាវកាក់ពណ៌លឿងនាថ្ងៃសៅរ៍នេះ បានប្រឈមមុខគ្នាជាមួយកម្លាំងប៉ូលិស​ជាថ្មីទៀត​នៅ​ក្នុង​ទីក្រុង​ប៉ារីសប្រទេសបារាំង ក្នុងអំឡុង​ការបន្ត​ធ្វើបាតកម្មដែលបានអូសបន្លាយ០៨សប្តាហ៍ ជាប់គ្នាមកហើយ និង​ជា​ការ​ចាប់​ផ្តើម​​លើកទីមួយសម្រាប់​​ឆ្នាំ​ថ្មី​នេះ។ នេះ​បើតាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅ​យប់​ថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។

បើតាមការបង្ហាញសកម្មភាពក្នុងឃ្លីបវីដេអូនៅកន្លែងធ្វើបាតុកម្ម គេឃើញប៉ូលិសបារាំង​​រារាំង និងប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ទៅលើ​ក្រុម​អ្នកតវ៉ាដែលព្យាយាម​ដើរឆ្លងកាត់ក្បួនប៉ូលិស។ សម្រាប់ការធ្វើបាតុកម្ម នៅតាមទីក្រុងមួយចំនួនទៀត ត្រូវគេសង្កេតឃើញថា មានភាពស្ងប់ស្ងាត់ធម្មតា គឺមានតែនៅរដ្ឋធានីប៉ារីស និង​ទីក្រុង​ Nantes ប៉ុណ្ណោះ ដែលកើត​មាន​ការប្រឈមមុខដាក់គ្នាខ្លះៗ។

ក្នុងសប្តាហ៍ទី០៨នេះ គិតចាប់តាំងពីបាតុកម្មបានផ្ទុះឡើង កាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន បារាំងបានដាក់ពង្រាយ​កម្លាំងប៉ូលិស​ចំនួន៣,៦០០នាក់ រួមមានទាំងប៉ូលិសបង្រ្កាបកុបកម្ម ដើម្បីត្រៀមទប់ទល់សកម្មភាពតវ៉ា នៅទូទាំង​ប្រទេស​ ប៉ុន្តែពុំមានការប្រើប្រាស់កាណុងបាញ់ទឹក និងរថពាសដែក ដូចអំឡុងការធ្វើបាតុកម្មក្នុងសប្តាហ៍ដំបូង​​ៗ​នោះឡើយ។

គួរជម្រាបថា ចលនាអាវកាក់ពណ៌ឡើងបានផ្ទុះឡើងយ៉ាងកក្រើកកាលពីចុងឆ្នាំ២០១៨ ក្នុងគោលដៅត្រឹមជាបាតុកម្មមួយ​ប្រឆាំង​នឹង​គម្រោងបង្កើន​ថ្លៃសាំង-ម៉ាស៊ូតប៉ុណ្ណោះ ប៉ុន្តែភ្លាមៗក៏រីករាលដាល​កាន់​តែធំឡើងៗ ក្លាយទៅជាការប្រឆាំងនឹង​​គោលនយោបាយ​​​របស់​ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏ដូចជាការធ្លាក់ចុះនៃស្តង់ដារស់នៅតែម្តង។

ពីប៉ុន្មានសប្តាហ៍ដំបូង ចលនាបាតុកម្មនេះមានសន្ទុះជាខ្លាំង ជាមួយអ្នកចូលរួមដល់ទៅរាប់សែននាក់ ប៉ុន្តែហាក់បាន​ចុះ​ខ្សោយទៅវិញចាប់តាំងពី​មានការយល់ព្រមធ្វើសម្បទានពី​លោក Macron។ សម្រាប់នៅដើមឆ្នាំថ្មីនេះ ក្រុមអ្នករៀបចំដឹក​នាំចលនាអាវកាក់ពណ៌លឿងសង្ឃឹមថា ការធ្វើបាតុកម្មនឹងមានសន្ទុះឡើងវិញ ក្រោយពីរដូវកាល​បុណ្យឈប់សម្រាក​បាន​កន្លង​ផុតទៅ៕​