(អាហ្វ្រិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ថាយោធាអាមេរិក ៨០នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេស Gabon នៃតំបន់អាហ្រ្វិកកណ្ដាល ដើម្បីត្រៀមឆ្លើយតបទៅនឹងអំពើហិង្សានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ Congo ដែលកំពុងប្រឈមមុខនឹងវិបត្តិបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
នៅក្នុងលិខិតមួយផ្ញើជូនថ្នាក់ដឹកនាំសភាអាមេរិកទាំង២ លោក ដូណាល់ ត្រាំ ក៏បានឱ្យដឹងថាយោធាអាមេរិក៨០នាក់ខាងលើបានទៅដល់រដ្ឋធានី Libreville ប្រទេស Gabon ដែលមានព្រំប្រទល់ជាប់ប្រទេស Congo ហើយកាលពីថ្ងៃពុធ។ លើសពីនេះទៅទៀត លិខិតដដែលថែមទាំងបញ្ជាក់ទៀតថា យោធាទាំងនេះអាចនឹងត្រូវដាក់ពង្រាយក្នុងករណីចាំបាច់ រហូតទាល់តែស្ថានភាពសន្តិសុខនៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យ Congo មានភាពល្អប្រសើរឡើងវិញ។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ Congo បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅ ក្រោមអំពើហិង្សាយ៉ាងជោគជាំ ខណៈលទ្ធផលបោះឆ្នោតបឋមនឹងត្រួវប្រកាសនៅថ្ងៃទី៩ ខែមករា ហើយលទ្ធផលចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែមករា៕