(សេអ៊ូល)៖ អគ្គរដ្ឋទូតរងកូរ៉េខាងជើង លោក Thae Yong Ho ប្រចាំប្រទេសអង់គ្លេស បានជម្រុញឱ្យសហសេវិកម្នាក់របស់លោកដែលបានបាត់ខ្លួននៅអ៊ីតាលីធ្វើដំណើរមកកាន់ទីក្រុងសេអ៊ូល ស្របពេលមានសេចក្ដីរាយការណ៍ថា លោកកំពុងស្វះស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
អគ្គរដ្ឋទូតស្ដីទីកូរ៉េខាងជើងប្រចាំប្រទេសអ៊ីតាលី លោក Jo Song Gil មានអាយុ៤៤ឆ្នាំ បានបាត់ខ្លួនជាមួយប្រពន្ធរបស់លោក បន្ទាប់ពី ចាកចេញពីស្ថានទូតដោយមិនបានជូនដំណឹងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែក្រោយមកសារព័ត៌មានអ៊ីតាលី La Repubblica បានបញ្ជាក់ថាកាលពីថ្ងៃសុក្រថាលោក Jo បានស្នើសុំសិទ្ធិជ្រកកោនទៅកាន់សហរដ្ឋអាមេរិក ក្រោមកិច្ចការពារពីសំណាក់ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អ៊ីតាលី។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតចំហមួយនៅថ្ងៃសៅរ៍នេះ លោក Thae Yong Ho បានអះអាងថាលោកធ្លាប់រៀននៅសាកលវិទ្យាល័យ តែមួយក៏ដូចជាធ្វើការជាមួយលោក Jo មុននឹងលោករត់ភៀសខ្លួនមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៦។ លើសពីនេះ ទៅទៀតលោក Thae ក៏បានជម្រុញឱ្យអគ្គរដ្ឋទូតស្ដីទីកូរ៉េខាងជើងរូបនេះដើរតាមជំហានរបស់លោក ដោយស្នើសុំសិទ្ធិជ្រកកោនមក កាន់ទីក្រុងសេអ៊ូល ជាជាងទៅរស់នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំទីក្រុងសេអ៊ូល និងក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយជុំវិញសេចក្ដី រាយការណ៍របស់សារព័ត៌មាន La Repubblica នៅឡើយទេ៕