(ឡូសអាន់ជែឡេស)៖ ករណី​បាញ់ប្រហារយ៉ាងកក្រើកបាន​ផ្ទុះឡើងនៅ​ទីក្រុង ថូរែន (Torrence) នៃតំបន់ឆ្នេរក្បែរទីក្រុង​ឡូសអាន់ជែឡេស ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក ដោយបាន​ផ្តាច់ជីវិតមនុស្ស​០៣នាក់ និងមួយចំនួន​ទៀត​រងរបួស។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។

ទីក្រុង Torrence ជាតំបន់ឆ្នេរកម្សាន្ត​ដ៏ពេញនិយមមួយរបស់​សហរដ្ឋអាមេរិក ដែល​ស្ថិត​នៅចម្ងាយ ៣០គីឡូម៉ែត្រ​នៃភាគនិរតី ទីក្រុង​ឡូសអាន់ជែឡេស។ ខណៈនេះ​មិនទាន់​មានការ​បញ្ជាក់ថា ការបាញ់ប្រហារ​នោះ​កើតមានឡើង​រវាងភាគីណា និងភាគីណាឡើយ ប៉ុន្តែ​កន្លែងនោះត្រូវបានគេស្គាល់ថា ជាទីតាំងដ៏ពេញនិយម​សម្រាប់​ក្រុមមនុស្សវ័យក្មេង និងយុវវ័យ​មក​លេងបោះប៊ូលីង (Bowling) និងជាក្លឹបកម្សាន្តថែមទៀត។

គួរបញ្ជាក់ថា ប៉ូលិស​ទីក្រុង Torrence បានអំពាវនាវ​​ឲ្យមនុស្សម្នា​ស្ថិតនៅ​ឆ្ងាយពី​តំបន់​កើតហេតុ​ខាងលើនេះ​សិន ព្រោះការ​ស៊ើបអង្កេតជាក់ស្តែងកំពុងប្រព្រឹត្តទៅនៅឡើយ។ ប៉ូលិស​​បាន​បញ្ជាក់ទៀតថា សំឡេងផ្ទុះត្រូវ​បានលាន់​លឺចេញពីក្នុងកន្លែង​​កម្សាន្តបោះប៊ូលីង ដោយ​​មានចំនួន ០៩គ្រាប់ផ្ទុះជាប់ៗគ្នា៕