(តៃប៉ិ)៖ លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ ត្សៃ អ៊ីងវិន (Tsai Ing-wen) បានអំពាវនាវយ៉ាងទទូចឲ្យអន្តរជាតិជួយការពារលទ្ធិប្រជាធិបតេយ្យ នៃដែនកោះរបស់លោកស្រីផង ចំពោះមុខការគំរាមកំហែងដោយប្រទេសចិន ដែលបានផ្ទុះឡើងនាដើមឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
ការថ្លែងបែបនេះរបស់ប្រធានាធិបតីកោះតៃវ៉ាន់ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឲ្យកោះតៃវ៉ាន់វិលមកចូលរួមផ្លូវជីវិតជាមួយទីក្រុងប៉េកាំង ដើម្បីទទួលបានការធានាសន្តិភាពយូរអង្វែង និងការថ្លែងបញ្ជាក់ធ្ងន់ៗរបស់មេដឹកនាំចិនទៀតថា ចិនមិនអាចធានាបានឡើយ ចំពោះការមិនប្រើប្រាស់កម្លាំងនៅពេលមានបរទេសណាមួយ ចង់យកផ្តាច់យកកោះតៃវ៉ាន់ចេញពីប្រទេសចិននោះ។
ចំពោះមុខភាពតានតឹងជាថ្មី ដែលពិភពលោកកំពុងសម្លឹងមិនដាក់ភ្នែកនេះ លោកស្រី ត្សៃ បានសង្កត់ធ្ងន់នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «យើងសង្ឃឹមថា សហគមន៍អន្តរជាតិនឹងយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះ និងអាចបង្ហាញគាំទ្រព្រមទាំងជួយពួកយើងផង...»។ បន្ថែមពីនេះលោកស្រីក៏បានថ្លែងការពារគោលជំហរកោះតៃវ៉ាន់ នោះគឺការរក្សាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងផ្លូវដែលខ្លួនកំពុងដើរនោះផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងជាថ្មីនេះគឺប្រាកដណាស់ថា មានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ខណៈដែលកោះតៃវ៉ាន់ត្រូវបានគេដឹងថា មានទំនាក់ទំនងមិនផ្លូវការ តែជិតស្និទ្ធខ្លាំងជាមួយសហរដ្ឋអាមេរិកអស់រាប់ទសវត្សរ៍មកហើយ។ នៅក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិកក៏បានប្រកាសឲ្យអនុវត្តន៍នូវច្បាប់ដ៏រសើបមួយ ដែលនឹងអនុញ្ញាតឲ្យមហាយក្សយោធាលេខ ១ នេះអាចលក់សព្វាវុធទៅបណ្តាប្រទេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកោះតៃវ៉ាន់ផងដែរ ខណៈទីក្រុងប៉េកាំងក៏ទើបតែបញ្ចេញប្រតិកម្មខ្លាំងៗ និងអំពាវនាវឲ្យអាមេរិកលុបចោលច្បាប់នេះជាបន្ទាន់៕