(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានព្រមានថានឹងបន្តបិទដំណើរការមួយផ្នៃកនៃ រដ្ឋាភិបាលសម្រាប់រយៈពេលជាច្រើនខែ ឬរហូតដល់ច្រើនឆ្នាំ ព្រមទាំងប្រើប្រាស់អំណាចសាងសង់ជញ្ជាំងព្រំដែនដោយមិនចាំបាច់មាន ការយល់ព្រមពីសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។

ការព្រមានរបស់លោក ដូណាល់ ត្រាំ ធ្វើឡើបន្ទាប់ពីលោក និងសមាជិកសភាគណបក្សប្រជាធិបតេយ្យបរាជ័យក្នុងការអនុម័តកញ្ចប់ ថវិកាជាង ៥.៦ពាន់លានដុល្លារ ដើម្បីសាងសងជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ។ មិនតែប៉ុណ្ណោះប្រធានាធិបតីមកពីគណបក្សសាធារណ​រដ្ឋរូបនេះក៏បានបញ្ជាក់ដែរថាលោកអាចនឹងប្រើប្រាស់ការប្រកាសភាពអាសន្ន ក្នុងការសាងសង់ជញ្ជាំងព្រំដែនដោយមិនចាំបាច់មានការ យល់ព្រមពីសភាអាមេរិក។

លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ពិតប្រាកដណាស់ ខ្ញុំត្រូវតែធ្វើ ហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ...​ពោលគឺយើងអាចប្រកាសពីភាព​អាសន្នក្រោមហេតុផលសន្តិសុខជាតិរបស់យើង ដើម្បីសាងសង់ជញ្ជាំងព្រំដែនឱ្យបានកាន់តែឆាប់»

គួរជម្រាបថា គម្រោងសាងសង់ជញ្ជាំងព្រំដែនទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក ដូណាល់ ត្រាំ ត្រូវបានគេប៉ាន់ប្រមាណ ថានឹងត្រូវចំណាយអស់ប្រាក់ជាង២៣ពាន់លានដុល្លារ។ ប៉ុន្តែ ដោយសារភាពចម្រូងចម្រាស់នៃគម្រោង វាបានធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធ អាមេរិកត្រូវបិទដំណើរការមួយផ្នែកអស់រយៈពេលជាង២សប្ដាហ៍ ហើយបុគ្គលិករដ្ឋជាង ៨០០,០០០នាក់ មិនទាន់មានប្រាក់ខែបើក៕