(ប៉េកាំង)៖ មិនមែនតែសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីនោះទេដែលមានម៉ែ ឬឪគ្រាប់បែកនោះ ដោយពេលនេះមហាយក្សយោធាលេខ ៣ លើលោកគឺប្រទេសចិន បានធ្វើតេស្តម៉ែគ្រាប់បែករបស់ខ្លួន (Mother of All Bombs) ប្រកបដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៨។
ការភ្ញាក់ផ្អើលអំពីការបំផ្ទុះគ្រាប់បែកដ៏ធំមហិមារបស់ចិនខាងលើនេះ ត្រូវបានចេញផ្សាយដោយវែបសាយរបស់ក្រុមហ៊ុនផលិតសព្វាវុធរដ្ឋ ណូរីនកូ (Norinco) ដោយក្នុងនោះរូបភាព និងវីដេអូអំពីការទម្លាក់គ្រាប់បែកសាកល្បងនេះ ត្រូវបានផ្សព្វផ្សាយអមមកជាមួយផងដែរ។ ចិនមិនបានបញ្ជាក់ឈ្មោះពិតប្រាកដរបស់វានោះទេ ប៉ុន្តែបើតាមសារព័ត៌មានចិនស៊ីនហួរ គ្រាប់បែកនេះត្រូវបានផ្តល់រហស្សនាមថា «ម៉ែគ្រាប់បែកជំនាន់របស់ចិន ឬ Mother of All Bombs in Chinese Version»។
គួរបញ្ជាក់ថា ពុំមានរបាយការណ៍ណាបញ្ជាក់ថា ចិនបានធ្វើតេស្តគ្រាប់បែកមិនមែននុយក្លេអ៊ែរនេះនៅទីណាឲ្យប្រាកដនោះឡើយ ប៉ុន្តែវាកើតមានឡើងស្របពេលដែលស្ថានការណ៍ក្នុងតំបន់កំពុងប្រែជាតានតឹងរវាងចិន និងកោះតៃវ៉ាន់ ហើយក៏បន្ទាប់ពីរយៈពេលជាច្រើនខែដែលអាមេរិក បានធ្វើតេស្តម៉ែគ្រាប់បែកនៅអាហ្វហ្គានីស្ថាន និងរុស្ស៊ីធ្វើតេស្តឪគ្រាប់បែក (Father of All Bombs) នៅក្នុងទឹកដីរបស់ខ្លួន៕