(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រញ៉ាលោកស្រី ឡុនដុន ប្រ៊ីដ (London Breed) បានបង្ហាញការត្អូញត្អែជាខ្លាំង ចំពោះការបន្តបិទរដ្ឋាភិបាលសហព័ន្ធអាមេរិក ដែលក្នុងនោះបានធ្វើឲ្យបុគ្គលិកបម្រើការងាររដ្ឋជាច្រើនផ្នែក ត្រូវផ្អាកការងារ ក្នុងនោះមានទាំងបុគ្គលិកប្រមូលសំរាមផងដែរ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៨។
បើតាមភាពជាក់ស្តែងនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏មិនសូវខុសពីទីក្រុងមួយចំនួនទៀតនៅអាមេរិកផងដែរ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដោយបុគ្គលិករដ្ឋ ឬអ្នកស្ម័គ្រផ្សេងៗបានសុខចិត្តមកធ្វើការប្រមូល និងគ្រប់គ្រងសំរាមដោយខ្លួនឯង ខណៈដែលបុគ្គលិកដែលធ្លាប់បម្រើការងារផ្នែកនេះ បានឈប់សម្រាកការងារព្រោះតែគ្មានប្រាក់ខែ។ បណ្តាសួន និងឧទ្យានជាតិនានានៅទីក្រុងល្បីៗរបស់អាមេរិក បានកកកុញដោយសំរាម ព្រោះតែគ្មានអ្នកសម្អាត និងប្រមូលជាច្រើនថ្ងៃមកហើយ។
ជុំវិញបញ្ហានេះលោកស្រី Breed បានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនយ៉ាងដូច្នេះថា «យើងមិនត្រូវការជញ្ជាំងព្រំដែនអ្វីនោះទេ... យើងត្រូវការឲ្យរដ្ឋាភិបាលដំណើរការឡើងវិញ...»។ ទោះបីជាបែបនេះក្តី ក្រុមការងារស្ម័គ្រចិត្តមួយចំនួននៅតែបំពេញការងារដដែល ក្នុងន័យរក្សាកន្លែងដែលពួកគេរស់នៅឲ្យស្អាត និងមានអនាម័យ ប៉ុន្តែវាមិនអាចធ្វើបែបនេះបានយូរអង្វែងនោះទេ បើសិនជារដ្ឋាភិបាលនៅតែបន្តផ្អាកដំណើរការនោះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធអាមេរិកបានចាប់ផ្តើមបិទទ្វារដោយផ្នែក តាំងតែពីអំឡុងខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ក៏ព្រោះតែសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ដែលកំពុងគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិក (រដ្ឋសភា) មិនគាំទ្រចំពោះកញ្ចប់ថវិកាជាតិមួយផ្នែក សរុបជាង ៥ពាន់លានដុល្លារដែលលោក ដូណាល់ ត្រាំ ចង់យកទៅប្រើប្រាស់ ដើម្បីកសាងជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ក្នុងន័យគាំទ្រនយោបាយរឹតបន្តឹងលំហូរជនភៀសខ្លួនចូលមកអាមេរិករបស់លោក។ លោក ត្រាំ ក៏បានព្រមានតបវិញផងដែរថា បើសភានៅតែមិនអនុម័តសេចក្តីព្រាងកញ្ចប់ថវិកានេះទេ រដ្ឋាភិបាលអាមេរិកនឹងបន្តបិទកាន់តែយូរជាងនេះទៀត៕