​(ប៉េកាំង)៖ ប្រធានាធិបតីចិន​លោក ស៊ី​ ជិនពីង បានបញ្ជាឱ្យ​កងទ័ពចិនត្រៀមខ្លួន​ជានិច្ចសម្រាប់​សង្រ្គាម ដើម្បីការពារ​ប្រជាជន និងបូរណភាព​ទឹកដីរបស់ខ្លួន ហើយការលើក​ឡើងបែបនេះធ្វើឡើង​តែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកអះអាងថា ចិនមិនអាចធានា​បានឡើយថា មិនប្រើប្រាស់​កម្លាំងយោធា​លើតៃវ៉ាន់។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។

លោក ស៊ី ជិនពីង ដែលជាអគ្គមេបញ្ជា​កងទ័ពចិន​ផងនោះ បានធ្វើការកត់សម្គាល់​ខាងលើ​នៅក្នុងកិច្ច​ប្រជុំជាមួយមន្ត្រីយោធា​ជាន់ខ្ពស់ចិន​កាលពី​ថ្ងៃសុក្រ ភ្ជាប់ជាមួយ​ការក្រើនរំលឹកថា ចិនកំពុងប្រឈមមុខ​នឹងហានិភ័យ និងការប្រកួត​ប្រជែងកាន់តែ​ច្រើនឡើង។ ថ្លែងនាឱកាស​នោះ​លោក ស៊ី បានគូសញ្ជាក់​ដូច្នេះថា «ពិភពលោក​បច្ចុប្បន្ន កំពុងប្រឈមមុខ​នឹងការផ្លាស់ប្តូរដ៏សំខាន់មិនធ្លាប់មាន​ពី​មុនមក អស់រយៈពេល​ជាងមួយសតវត្សរ៍មក​នេះ... ដូច្នេះហើយ​កងទ័ពចិនទាំងអស់​ត្រូវតែត្រៀមជានិច្ច ដើម្បីឆ្លើយតប​ឱ្យបាន​ទាន់ពេល​វេលា និងមាន​ប្រសិទ្ធភាព​ក្នុងករណី​មានជម្លោះ ឬសង្រ្គាម​ណាមួយផ្ទុះឡើង​ប្រឆាំង​នឹងចិន»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ​កន្លងទៅ ប្រធានាធិបតីចិន​រូបនេះ ក៏បានបញ្ជាក់​ជំហរជាថ្មីដែរថា ចិនអាចនឹង​ប្រើប្រាស់កម្លាំង​យោធាវាយ​យកកោះតៃវ៉ាន់ បើសិនជា​ទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ​មែននោះ ហើយព្រមាន​បែបនេះទៀតសោត​ កើតមានឡើង​តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតីអាមេរិក​លោក ដូណាល់​ ត្រាំ ចុះហត្ថលេខា​លើច្បាប់មួយ​ ដែលបង្ហាញពីការប្ដេជ្ញាចិត្តការពារ និងលក់អាវុធ​ឱ្យកោះ​តៃវ៉ាន់៕