(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថាក្នុងរយៈពេលមួយសប្ដាហ៍នៅអំឡុងបុណ្យចូលឆ្នាំសកលកន្លងទៅ ចំនួនអ្នកស្លាប់ដោយសារ
គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងដល់៤៦៣នាក់ នៅក្នុងគ្រោះថ្នាក់៣,៧៩១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
យោងតាមនាយកដ្ឋានបង្កាគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា មនុស្សសរុប៤៦៣នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ៣,៧៩១ករណី ពោលគឺចំនួននេះកើនឡើងបើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានមនុស្សស្លាប់៤២៣នាក់។ ចំណែកឯ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺភាគច្រើនបណ្ដាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍។ ដោយឡែកជុំវិញបញ្ហានេះដែរ អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថាក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតប្រជាជនថៃ ២២,៩៤១នាក់ ដែលនេះបានធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសមានអ្នកស្លាប់លើដងផ្លូវច្រើនជាងគេបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា បើតាមអង្គការ WHO ភាគច្រើននៃអ្នកសា្លប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ មាន៧៣ភាគរយជាអ្នកបញ្ជាទោចក្រយានយន្ដ។ ប៉ុន្តែទន្ទឹមគ្នា អង្គការអន្តរជាតិមួយនេះក៏បានបញ្ជាក់ដែរ បើសិនជាអ្នកបញ្ជាទោចក្រយានយន្ដពាក់មួកសុវត្ថិភាព នោះ ពួកគេអាចបង្កាការស្លាប់បាន៤០ភាគរយ៕