(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក FBI បានចាប់ខ្លួនជនជាតិរុស្ស៊ីមា្នក់នៅលើទឹកដីកោះ Guam ដោយចោទថាបាននាំចេញបរិក្ខាយោធា ដោយខុសច្បាប់។ នេះបើតាមតុលាការអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
តុលាការអាមេរិកនៃដែនកោះ Northern Mariana បានឱ្យដឹងថាជនជាប់ចោទឈ្មោះ Dimitrii Makarenko ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែព័ត៌មានពីការចាប់ខ្លួនត្រូវបានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីសវនាការស៊ើបសួរមួយពីគ្រប់ ភាគីពាក់ព័ន្ធ។ បន្ថែមពីលើនេះ តុលាការក៏បានបង្គាប់ផងដែរឱ្យជនជាប់រូបនេះបង្ហាញខ្លួនជាថ្មីនៅចំពោះមុខតុលាការថ្នាក់ស្រុកនៅឯ រដ្ឋផ្ល័រីដា។
គួរបញ្ជាក់ថា បើតាមដីកាឃាត់ខ្លួន ជនជាតិរុស្ស៊ីលោក Makarenko ត្រូវបានតុលាការអាមេរិកចោទប្រកាន់ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០១៧ ពីបទសមគំនិតក្នុងការនាំចេញបរិក្ខាយោធាដោយគ្មានអាជ្ញាប័ណ្ណស្របច្បាប់។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នោះគឺថាការចាប់ខ្លួន ជនជាតិរុស្ស៊ីរូបនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានចាប់ខ្លួនជនជាតិអាមេរិកម្នាក់ឈ្មោះ ផល វេលែន (Paul Whelan) នៅក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃទី២៨ ខែធ្នូកន្លងទៅពីបទចារកម្ម៕