(កង់បេរ៉ា)៖ ប៉ូលិសអូស្ត្រាលីកំពុងធ្វើការស៊ើបអង្កេតជុំវិញករណីរកឃើញម្ជុល២ដើមនៅក្នុងផ្លែទំពាំងបាយជូរ ដែលបី្ដប្រពន្ធមួយគូទិញពីផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Melbourne។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
លោក Skender Hasa និងប្រពន្ធឈ្មោះ Shams Alsubaiy បានរាយការណ៍ពីឧបទ្ទវហេតុខាងលើ ក្រោយអ្នកទាំង២បានឃើញម្ជុល ២ដើមនៅក្នុងផ្លែទំពាំងបាយជូរកាលពីថ្ងៃអង្គារកន្លងទៅ នៅអំឡុងពេលយកវាមកហូប បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច។ រីឯ ប៉ូលិសក៏បានទទួលស្គាល់ការអះអាងនេះដែរ ហើយថាពួកគេកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ថា ការរកឃើញម្ជុលនៅក្នុងផ្លែឈើបែបនេះ មិនមែនទើបតែកើតឡើងជាលើក១នៅក្នុងប្រទេសអូស្ត្រាលីនោះទេ។ ពោលគឺ កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ប៉ូលិសអូស្ត្រាលីទទួលបានសេចក្ដីរាយការណ៍ពីការរកឃើញម្ជុលនៅក្នុងផ្លែស្ត្របឺរីច្រើនជាង២០០ករណីឯណោះ៕