(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការគំរាមពីសំណាក់ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ ដែលចង់ទម្លាក់រូបលោកចេញពីតំណែង ដោយលោកនៅតែអះអាងថា ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ពុំបានឃុបឃិតជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ អំឡុងការបោះឆ្នោតជ្រើសរើសមេដឹកនាំអាមេរិក កាលពីឆ្នាំ២០១៦ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «តើពួកអ្នកចង់ទម្លាក់ប្រធានាធិបតីដែលបានឈ្នះក្នុងការបោះឆ្នោត និងពុំបានប្រព្រឹត្តអ្វីខុសសោះ ហើយទទួលជោគជ័យខ្លាំងឆ្ងាយជាងប្រធានាធិបតីមុនៗ ក្នុងអាណត្តិកាន់អំណាច០២ឆ្នាំដំបូង បានដោយរបៀបណាទៅ»។
គួរជម្រាបថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្រ្តីបក្សប្រជាធិបតេយ្យបានចូលគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិកជាផ្លូវការ ដោយមានលោកស្រី Nancy Pelosi ជាប្រធានថ្មីនៃសភាជាន់ទាបនេះ។ ទន្ទឹមនេះដែរ ក្រុមសមាជិកសភាមកពីបក្សប្រជាធិបតេយ្យដែលទើបឡើងកាន់តំណែងថ្មីៗ បានទទូចឲ្យមានចំណាត់ការទម្លាក់លោក ត្រាំ ចេញពីសេតវិមាន។
ជុំវិញរឿងនេះ លោកស្រី Pelosi បាននិយាយថា លោកស្រីមិនបោះបង់ចោលនូវជម្រើសទម្លាក់លោក ត្រាំ ឡើយ ប៉ុន្តែបានណែនាំឲ្យគ្រប់គ្នារង់ចាំ ការបង្ហាញរបាយការណ៍ពីរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលកំពុងស៊ើបអង្កេតលើរឿងអាស្រូវក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ បានឃុបឃិតជាមួយប្រទេសរុស្ស៊ី ក្នុងការបោះឆ្នោតឆ្នាំ២០១៦៕