(ប៊ែរឡាំង)៖ ក្រុមចោរព័ត៌មានវិទ្យា (Hacker) បានលួចនិងចេញផ្សាយជាសាធារណៈនូវព័ត៌មានផ្ទាល់ខ្លួន របស់អ្នកនយោបាយរាប់រយនាក់នៅប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះរួមមានទាំងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល និងប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានប៉ះពាល់ដល់អ្នកនយោបាយអាល្លឺម៉ង់ច្រើនជាង១០០នាក់ មកពីគ្រប់គណបក្សទាំងអស់ដែលមានអាសនៈនៅក្នុងសភា លើកលែងតែបក្សនយោបាយស្តាំនិយម AFD។ សម្រាប់អត្តសញ្ញាណក៏ដូចជាគោលដៅនៅពីក្រោយការធ្វើសកម្មភាពរបស់ក្រុម Hacker នៅមិនទាន់ដឹងច្បាស់ឡើយ ខណៈអាជ្ញាធរអាល្លឺម៉ង់កំពុងបើកការស៊ើបអង្កេតជាប្រញាប់។
គួរជម្រាបថា់ ព័ត៌មានផ្ទាល់ខ្លួនដែលពួក Hacker បានបញ្ចេញរួមមាន អាស័យដ្ឋានស្នាក់នៅ លេខទូរស័ព្ទដៃ កាត Credit និងបណ្ណសម្គាល់អត្តសញ្ញាណ ការ Chat លក្ខណៈឯកជន ឯកសារដាក់ពាក្យធ្វើការ អ៊ីម៉ែលឆ្លើយឆ្លងទៅមកក្នុងបក្ស និងបញ្ជីឈ្មោះនៃសមាជិកគណបក្សនយោបាយ ជាដើម៕