(កង់បេរ៉ា)៖ ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី Qantas Airways បានជាប់​ឈ្មោះ​ជា​ក្រុមហ៊ុនអាកាសចរណ៍ «​មានសុវត្ថិភាពជាងគេបំផុតនៅលើ ពិភពលោក» នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ហើយនេះ​ក៏ជាលើកទី ៥ ដែលក្រុមហ៊ុន​ទទួលបានចំណាត់​ថ្នាក់នេះ​ដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។

Qantas ដែលជាក្រុមហ៊ុន​អាកាសចរណ៍ដ៏ចំណាស់​បំផុតមួយ​ ត្រូវបាន​ជ្រើសរើស​ជាក្រុមហ៊ុនឈរលើ​លំដាប់កំពូល ផ្នែកសុវត្ថិភាព​ជាង​គេនៅលើ​ពិភពលោក ដោយ​សារ​តែភាព​ជាអ្នកដឹកនាំក្នុងការគំនិត​ច្នៃប្រឌិតខាង​សុវត្ថិភាព។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលីមួយនេះ​ ក៏កំពុងអភិវឌ្ឍន៍ប្រព័ន្ធ Air Navigation System និងស្ដុកទុកទិន្នន័យ​ដើម្បីត្រួតពិនិត្យរាល់​បញ្ហាយន្ដហោះ និងការបើក​​បររបស់​ពីឡុតទៀត​ផង។

គួរបញ្ជាក់ថា ក្រៅពី Qantas ក្រុមហ៊ុនអាកាសចរណ៍​ជាប់ក្នុងបញ្ជីឈ្មោះទាំង ២០ផ្សេង​ទៀត​មានដូចជា Air New Zealand, All Nippon Airways, British Airways, Cathay Pacific Airways, Emirates, Qatar Airways និង Singapore Airlines។ ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍​ជាប់លំដាប់ទាបជាងគេ​ខាងសុវត្ថិភាពមាន Ariana Afghan Airlines, Bluewing Airlines, Kam Air និង Trigana Air ជាដើម៕