(បាងកក)៖ ព្យុះត្រូពិចប៉ាប៊ុក (Pabuk) បានចាប់ផ្ដើមវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសថៃហើយនៅថ្ងៃសុក្រនេះ ដោយផ្ដាច់ជីវិតមនុស្សម្នាក់ ខណៈវាត្រូវបានគេរំពឹងថា នឹងក្លាយជាព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល៣០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរឧតុនិយថៃ ព្យុះ Pabuk បានបក់បោកមកដល់តំបន់ដីគោកនៅម៉ោង ១២៖៤៥នាទីថ្ងៃត្រង់ នៅក្នុងខេត្តណាខុនស៊ីថាំម៉ារ៉ាត់ (Nakhon Si Thammarat) ដោយនាំមកជាមួយនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងសន្ធាប់ ដែលជាគ្រោះអាសន្នធំកម្រនឹងកើតមានក្នុងតំបន់នេះ។
អាជ្ញាធរថៃបានបន្ថែមទៀតថា ព្យុះត្រូពិចនេះអាចនឹងបក់បោកទៅកាន់តំបន់ភាគខាងត្បូងថៃទាំងមូល ជាពិសេសគឺតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនដូចជា កោះសាមុយ (Koh Samui), កោះតាវ (Koh Tao) និងកោះផាន់គែន (Koh Phangan) ជាទីដែលភ្ញៀវទេសចររាប់ពាន់នាក់ត្រូវជម្លៀសចេញ រីឯប្រជាជននៅក្នុងតំបន់ត្រូវបង្គាប់ឱ្យនៅក្នុងផ្ទះរហូតដល់ម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃសៅរ៍ស្អែកនេះ។
គួរបញ្ជាក់ថា ព្យុះទីហ្វុងដែលធ្លាប់បង្កគ្រោះមហន្តរាយអាក្រក់ចុងក្រោយបំផុតនៅក្នុងប្រទេសថៃ មានឈ្មោះថា ហ្គេយ៍ (Gay) ហើយព្យុះនេះបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៨០០នាក់ កាលពីឆ្នាំ១៩៨៩៕