(តូក្យ)៖ នាយកក្រុមហ៊ុន Nissan Motor ដែលត្រូវបានគេបណ្ដេញចេញពីតំណែងលោក ខាឡូស ហ្គោសន៍ (Carlos Ghosn) នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងស្នើសុំស្ដាប់មូលហេតុ ពាក់ព័ន្ធនឹងការឃុំខ្លួនរូបលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
វានឹងក្លាយជាការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង លោក Ghosn ចាប់តាំងពីលោកត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ ពីបទចោទប្រកានថា ប្រើប្រាស់ហិរញ្ញវត្ថុក្រុមហ៊ុនមិនត្រឹមត្រូវ។ លោក Ghosn បានដាក់ពាក្យបណ្ដឹងស្នើដល់តុលាការថ្នាក់សង្កាត់ក្នុងទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះ រីឯតុលាការវិញក៏បានតម្រូវឱ្យលោក ត្រូវបង្ហាញខ្លួននៅថ្ងៃអង្គារសប្ដាហ៍ក្រោយផងដែរ។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍ តុលាការថ្នាក់ស្រុកក្នុងទីក្រុងតូក្យូ បានពន្យារពេលការឃុំខ្លួនលោក Carlos Ghosn រហូតដល់ថ្ងៃទី១១ ខែមករា បើទោះជាលោកបានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងរូបលោកក៏ដោយ។ ការចាប់ខ្លួន អតីតនាយកក្រុមហ៊ុន Nissan បានធ្វើឱ្យរង្គោះរង្គើរយ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្ដ ហើយវាក៏បានធ្វើប៉ះពាល់ដល់ទំនាក់ទំនង រវាងក្រុមហ៊ុនផលិតរថយន្ដជប៉ុន និងក្រុមហ៊ុនបារាំងជាដៃគូ Renault ជាទីដែលលោកបន្តស្ថិតនៅជានាយក និង CEO នៅឡើយផងដែរ៕