(អេត្យូពី)៖ ប្រធានាធិបតីអេត្យូពីលោកស្រី សាឡេ វើក ហ្សូវដេ (Sahle-Work Zewde) បានជួបពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ក្នុងរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) ប្រទេសអេត្យូពី ហើយអ្នកទាំងពីរក៏បានឯកភាពគ្នាផងដែរ លើការពង្រឹងទំនាក់ទំនងស៊ីជម្រៅ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
ជំនួបររវាងលោកស្រី Zewde និងលោក វ៉ាង បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានី Addis Ababa។ ថ្លែងនាឱកាសនោះ លោកស្រី Zewde បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលអេត្យូពី និងស្ថាប័នទាំងអស់នៅក្នុង ប្រទេសបានប្ដេជ្ញាពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយចិន ក៏ដូចជាបន្តគាំទ្រដល់គោលនយោបាយសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវរបស់ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ខណៈប្រទេសទាំងពីរមានផលប្រយោជន៍រួមក្នុងការការពារពិភពលោក ពីគំនិតគាំពារនិយម»។
ដោយឡែកជាការឆ្លើយតប លោក វ៉ាង យី ក៏បាននិយាយដែរថា ការអភិវឌ្ឍរបស់ចិន និងអេត្យូពី នឹងជួយឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត មានសមត្ថភាពចូលរួមថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក។
គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី អេត្យូពីនឹងបន្តដើរតួនាទីលើកកម្ពស់ កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ហើយលោកជឿជាក់ដែរថា រដ្ឋាភិបាល និងប្រជាជននៃប្រទេសអាហ្វ្រិកខាងកើតមួយនេះ កំពុងដើរលើមាគ៌ាអភិវឌ្ឍន៍ដែលខ្លួនពេញចិត្ត និងស្របទៅតាមលក្ខខណ្ឌរបស់អេត្យូពី៕