(វ៉ាស៊ីនតោន)៖ ជនជាតិអាមេរិក​ម្នាក់ឈ្មោះ ផូល វីឡេន (Paul Whelan) ដែលត្រូវបាន​ចាប់ខ្លួនក្នុងទីក្រុងម៉ូស្គូ​ពីបទចារកម្ម មិនដែលបានធ្វើ​ដំណើរជា​លក្ខណៈពាណិជ្ជកម្ម​​មកកាន់ប្រទេសរុស្ស៊ី​ នៅអំឡុងពេលលោក​បម្រើការងារ​ឱ្យក្រុមហ៊ុន Kelly Services ជាទីដែល​លោកបាន​ចំណាយ​​ពេល ​ធ្វើការអស់រយៈពេល​ជាង ១៥ឆ្នាំនោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។

សារព័ត៌មាន Sputnik ធ្វើ​សេចក្ដីរាយការណ៍​បែបនេះ ដោយផ្អែកលើនាយក​ទំនាក់ទំនង​ក្រុមហ៊ុន Kelly Services លោកស្រី ចេន ស្ទេណេយ (Jane Stehney)។ លោកស្រី Stehney បានលើកឡើង​យ៉ាងដូច្នេះថា «លោក Whelan គឺជាបុគ្គលិក​របស់ក្រុមហ៊ុន ឃែលលី ស៊ឺវិស (Kelly Services) ចាប់តាំង​​ឆ្នាំ២០០១ ​រហូតដល់ ឆ្នាំ២០១៦... ប៉ុន្តែលោកបាន​ចាកចេញ​ទៅ ដើម្បីទៅបម្រើ​យោធា ហើយយើងមិនមាន​ព័ត៌មានបញ្ជាក់ថា លោក​ធ្លាប់ធ្វើដំណើរ​មកកាន់ប្រទេសរុស្ស៊ី​ជាលក្ខណៈពាណិជ្ជកម្ម​ ពាក់ព័ន្ធនឹងក្រុមហ៊ុន Kelly ឡើយ»

គួរបញ្ជាក់ថា លោក Paul Whelan មានអាយុ ៤៨ឆ្នាំ ត្រូវបានអាជ្ញាធរ​រុស្ស៊ីចាប់ខ្លួនក្នុងទីក្រុង​ម៉ូស្គូ កាលពីចុងខែធ្នូកន្លង​ទៅ​ពីបទ​ចារកម្ម។ លោក Whelan បច្ចុប្បន្នគឺ​ជានាយកសន្តិសុខ​សកល​ នៃក្រុមហ៊ុនអាមេរិក ប៊កវ៉ាណឺ (BorgWarner) មានមូលដ្ឋាន​នៅ​រដ្ឋ មីឈីហ្គែន (Michigan) ហើយមិនតែ​ប៉ុណ្ណោះ បើតាមសារព័ត៌មាន​មួយចំនួន​ចេញផ្សាយ លោកក៏ជាអតីតទ័ពជើងទឹក​ម្នាក់ ព្រមទាំងធ្លាប់​ត្រូវតុលាការកាត់​ទោសកាលពីឆ្នាំ២០០៨ ពីបទចោរកម្ម​ផងដែរ៕