(រ៉ង់ហ្គូន)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីនម្យីន (U Win Myint) នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យមានភាពសាកសមសម្រាប់ប្រទេសរបស់លោក ដើម្បីឆ្ពោះទៅកសាងសហភាពសហព័ន្ធប្រជាធិបតេយ្យមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
លោក Myint បានធ្វើការអំពាវនាវបែបនេះ នៅក្នុងឱកាសខួបឆ្នាំទី ៧១ នៃថ្ងៃបុណ្យឯករាជ្យនៃប្រជាជាតិមីយ៉ាន់ម៉ានាថ្ងៃសុក្រនេះ។ លោកប្រធានាធិបតីមីយ៉ាន់ម៉ា់ ក៏បានទទូចផងដែរឲ្យមានការខិតខំកសាងទំនុកចិត្ត ដើម្បីលើកកម្ពស់ដំណើរការសន្តិភាពព្រមទាំងដើម្បីស្ថាបនាសហភាពប្រជាធិបតេយ្យមួយ។ ទន្ទឹមនឹងនេះ លោក Myint បានស្នើឲ្យមានការធានានូវការអភិវឌ្ឍប្រកបដោយតុល្យភាព នៅតាមបណ្តារដ្ឋ និងតំបន់ ក៏ដូចជាឲ្យមានការជួយគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដ៏ត្រឹមត្រូវមួយ និងការអភិវឌ្ឍនៃវិស័យឯកជនថែមទៀត។
គួរជម្រាបថា មីយ៉ាន់ម៉ាបានធ្លាក់ក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស កាលពីសតវត្សរ៍ទី១៩ ហើយបានទទួលឯករាជ្យមកវិញកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨។ ចាប់តាំងពីការទទួលបានឯករាជ្យមក ប្រទេសមីយ៉ាម៉ា (ភូមា) បានជួបប្រទះនូវរបត់នយោបាយជាច្រើនតំណាក់កាល ជាពិសេសគឺអតីតរបបដឹកនាំយោធា ដែលត្រូវបានលោកខាងលិចថ្កោលទោស រហូតដល់មានការធ្វើកំណែទម្រង់មករកលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១០មក។ ទោះបីជាបែបនេះក្តី បច្ចុប្បន្នមីយ៉ាន់ម៉ាកំពុងរងសម្ពាធពីអន្តរជាតិនៅឡើយ ពាក់ព័ន្ធទៅនឹងបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕