​(កាណាដា)៖ រដ្ឋាភិបាល​កាណាដា​បានឱ្យដឹងថា ពលរដ្ឋរបស់​ខ្លួនរហូតដល់ ១៣នាក់​ឯណោះ ត្រូវបានអាជ្ញាធរចិន​ឃុំខ្លួនចាប់តាំងពីការ​ចាប់ខ្លួន​នាយកហិរញ្ញ​វត្ថុក្រុមហ៊ុន​ទូរគមនាគមន៍ចិន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) កាលពីខែធ្នូ កន្លងទៅ​ក្នុងទីក្រុង វែនខូវើ (Vancouver) តាមសំណើរបស់ សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។

តាមរយៈសេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​នេះ (ម៉ោងក្នុងទីក្រុងអូតាវ៉ា) រដ្ឋាភិបាលកាណាដាបានបញ្ជាក់ទៀត​ថា ក្នុង ចំណោមពលរដ្ឋ​កាណាដាទាំង ១៣នាក់ខាងលើក៏​រួមមានលោក ម៉ៃឃើល កូវរីក (Michael Kovrig), លោក ម៉ៃឃើល ស្ប៉ាវ័រ (Michael Spavor) និងស្រ្តីម្នាក់ ឈ្មោះ សារ៉ាហ៍ ម៉ាកឡេវើ (Sarah McIver) ខណៈមាន​តែអ្នកទាំង ០៣នាក់នេះប៉ុណ្ណោះត្រូវបានបញ្ជាក់​អត្តសញ្ញាណ។

ប៉ុន្តែមក​ទល់នឹងពេលនេះ មិនទាន់​មានការបញ្ជាក់​ពីបទល្មើសដែលជនជាតិ​កាណាដា​ឯទៀត (១០នាក់)​បានប្រព្រឹត្តនៅលើទឹកចិន​នោះទេ ដោយគ្រាន់តែ​គេដឹងថា លោកស្រី McIver ដែលជាគ្រូ បង្រៀនមា្នក់​ត្រូវបាន​ដោះលែង និងត្រឡប់ទៅ​កាន់ប្រទេសកាណាដាវិញ​ហើយ​កាលពីពេលថ្មីនេះ ដោយអាជ្ញាធរចិន​បានអះអាងថា លោកស្រី​​បានស្នាក់នៅ និងធ្វើការ​ខុស​ច្បាប់​ក្នុងទឹកដីចិន ខណៈលោក Kovrig និង​លោក Spavor នៅតែបន្តជាប់​ឃុំនៅ​ឡើយ។

គួរបញ្ជាក់ថា ភាពតានតឹង​ផ្នែកការទូតរវាងកាណាដា និងចិន​បានផ្ទុះឡើងក្រោយ​លោកស្រី Meng Wanzhou ត្រូវបានអាជ្ញាធរ​កាណាដា​ចាប់ខ្លួនក្នុង​ទីក្រុង Vancouver តាមសំណើ​របស់សហរដ្ឋអាមេរិក​កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ ហើយ​លោកស្រី ត្រូវដោះ លែងនៅក្រៅឃុំក្រោម​បា្រក់ធានា ៧.៤លានដុល្លារ។ ម្យ៉ាងវិញទៀត បើទោះជារដ្ឋាភិបាល​កាណាដា​បដិសេធថា​ ការចាប់ខ្លួនពលរដ្ឋ​របស់ខ្លួន មិនមានជាប់ពាក់ព័ន្ធ​នឹងសំណុំរឿង​លោកស្រី Meng ប៉ុន្តែការចាប់ខ្លួននេះ​កើតមានឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីចិនបាន​ព្រមាន ចាត់វិធានការឆ្លើយតប បើសិនជា​ទីក្រុងអូតតាវ៉ា មិនព្រមដោះលែង​នាយកហិរញ្ញវត្ថុរូបនេះ​ឲ្យមានសេរីភាពដូចដើមទេនោះ៕