(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​បានបង្កើនសកម្មភាព​ចូលរួម នៅ​ក្នុងការធ្វើសមយុទ្ធយោធា​ជាច្រើនក្នុងតំបន់​អាមេរិកឡាទីន ជាផ្នែកមួយនៃ​ការឆ្លើយតបទៅនឹង​ការកើនឡើងឥទ្ធិពល​របស់រុស្ស៊ី និងចិន​នៅក្នុងតំបន់។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។

ការកើនឡើង​នៃសកម្មភាពយោធា​របស់​សហរដ្ឋអាមេរិក ត្រូវបានគេ​សង្កេតឃើញ​ តាមរយៈការធ្វើសមយុទ្ធយោធា​ដែនអាកាស​កាលពីឆ្នាំ​២០១៨ នៅក្នុងប្រទេស​ឈីលី ដោយមានការចូល​រួមពីសំណាក់​កងយន្ដហោះ​ចម្បាំងបំបំាងកាយ​អាមេរិក F-35។

មិនតែ​ប៉ុណ្ណោះ កងទ័ព​អាកាស​អាមេរិក ក៏បាន​ចូលរួមផងដែរនៅ​ក្នុងធ្វើសមយុទ្ធយោធា​ជាច្រើនទៀត ក្នុងនោះរួម​លំហាត់សឹក​ ដែលរៀបចំឡើងដោយកង​ទ័ព​អាកាស​កូឡុំប៊ីកាលពី​ខែកក្កដាកន្លងទៅ, សមយុទ្ធយោធា​អាកាសមាន ១២ប្រទេស ចូលរួមធ្វើឡើង​នៅឯរដ្ឋអារីហ្សូនណា (Arizona) កាលពីខែកក្កដា ឆ្នាំដដែល ព្រមទាំង​សមយុទ្ធជើងទឹកនៅក្នុងប្រទេស​ប្រេស៊ីល​ កាលពីខែវិច្ឆិកា ក៏ដូចជាការ​បញ្ជូននាវា​ទៅកាន់ទីក្រុង​ ធើបូ (Turbo) ប្រទេស​កូឡុំប៊ី កាលពីខែសីហា ដើម្បីជួយដល់​ជនភៀសខ្លួនវេណេស៊ុយអេឡា​ជាដើម។

គួរបញ្ជាក់ថា នារយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ រុស្ស៊ី និងចិន​បានបង្កើនឥទ្ធិពល​កាន់តែខ្លាំង​ទាំងផ្នែកទំនាក់ទំនងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់អាមេរិកឡាទីន។ ប៉ុន្តែ ប្រទេស​មហាអំណាចទាំងពីរ​ត្រូវបានគេមើលឃើញ​ថា បានប្រើប្រាស់វិធីសាស្ត្រ​ពង្រីកឥទ្ធិពល​ខុសៗគ្នា ដោយទីក្រុង​ម៉ូស្គូផ្ដល់ជំនួយ​ជាអាវុធ និងបរិក្ខា​ជាច្រើនទៀត តាមតម្រូវរបស់​បណ្ដាប្រទេស​អាមេរិកឡាទីន​ ដែលកំពុងប្រយុទ្ធ​ប្រឆាំងនឹងការជួញ​ដូរគ្រឿងញៀន។ ចំណែកឯ​ចិនវិញគឺប្រើប្រាស់​ការវិនិយោគ និងការសន្យា​ផ្ដល់ជំនួយដ៏សន្ធឹក​សន្ធាប់ ដើម្បីទាក់ទាញ​ចិត្តថ្នាក់ដឹកនាំបណ្តាប្រទេស​អាមេរិកឡាទីន៕