(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានអ៊ីរ៉ង់ថា អាចនឹងជួបផលវិបាកធ្ងន់ធ្ងរ បើសិនជាមិនព្រមបោះបង់ចោលគម្រោងបាញ់បង្ហោះផ្កាយរណប៣គ្រឿងទៅកាន់ទីអវកាសទេនោះ ដ្បិតគម្រោងទាំងនេះត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកអះអាងថាមានជាប់ ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
ការព្រមានបែបនេះធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពោលគឺចំថ្ងៃតែមួយដែលយានអវកាសចិន «ឆាងអឺ-៤» ចុះចតលើផ្ទៃមួយចំហៀងទៀតនៃព្រះច័ន្ទដោយជោគជ័យជាលើកដំបូងបំផុត។ លោក ប៉ុមប៉េអូ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖« គម្រោងបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ គឺដើម្បីអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលអន្តរទ្វីបនុយក្លេអ៊ែរដែលអាចបាញ់ដល់ទឹកដីអាមេរិក...ដូច្នេះសហរដ្ឋអាមេរិកនឹងមិនឈរឱបដៃមើលសកម្មភាពបង្កអស្ថេរភាព និងសន្តិសុខអន្តរជាតិពីសំណាក់អ៊ីរ៉ង់នោះឡើយ...ប៉ុន្តែយើងនៅតែផ្ដល់យោបល់ឱ្យរបបដឹកនាំទីក្រុងតេហេរ៉ង់ពិចារណាឡើងវិញចំពោះគម្រោងបាញ់បង្ហោះផ្កាយរណបនេះដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច និងភាពឯកោផ្នែកការទូត»។
គួរបញ្ជាក់ថា បើតាមលោក ម៉ៃក៍ ប៉ុមប៉េអូ គម្រោងបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ គឺជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិលេខ២២៣១ កាលពីឆ្នាំ២០១៥ ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែទីក្រុងតេហេរ៉ង់ បានច្រានចោល ការចោទប្រកាន់នេះ ហើយការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន គឺគ្រាន់តែជាការបាញ់បង្ហោះធម្មតាមិនមានជាប់ទាក់ទិននឹងបច្ចេកវិទ្យា នុយក្លេអ៊ែរឡើយ៕