(អាមេរិក)៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា នាយទាហានវ័យ២១ឆ្នាំម្នាក់ បានរត់គេចខ្លួនទៅកាន់ប្រទេសថៃ ក្រោយពីបានធ្វើឃាតប្រពន្ធរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
ក្រុមរដ្ឋអាជ្ញានៃរដ្ឋ Indiana សហរដ្ឋអាមេរិក នាថ្ងៃពុធសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងពីបទមនុស្សឃាតប្រឆាំងនឹងនាយទាហានខាងលើឈ្មោះ Peter Van Bawi Lian ជុំវិញការស្លាប់នៃស្រ្តីជាភរិយាឈ្មោះ Khuang Par ដែលត្រូវគេរកឃើញសាកសពក្នុងធុងសំរាមនៅទីក្រុង Indianapolis កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។
កម្លាំងប៉ូលិសនៃទីក្រុង Indianapolis បានប្រាប់ថា នាថ្ងៃទី២២ ខែធ្នូ លោក Lian បានឡើងយន្តហោះចាកចេញពីបន្ទាយ Fort Carson ក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado ទៅកាន់ទីក្រុង Indianapolis ជាទីដែលអ្នកនាង Par បានរើទៅស្នាក់នៅជាមួយគ្រួសារ បន្ទាប់ពីលោក Lian ត្រូវបានចាប់ខ្លួនកាលក្នុងខែវិច្ឆិកា ពីបទប្រើហិង្សាលើរូបនាង។ ទាំងពីរនាក់ប្តីប្រពន្ធ ត្រូវគេរាយការណ៍ថា មានដើមកំណើតជាជនជាតិមីយ៉ាន់ម៉ា។
គួរជម្រាបថា បើតាមកំណត់ត្រាជើងហោះហើរ លោក Lian បានធ្វើដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី២៤ ខែធ្នូ ខណៈនាយទាហានរូបនេះ ត្រូវត្រឡប់ទៅចូលរាយការណ៍នៅឯបន្ទាយ Fort Carson វិញ នៅថ្ងៃទី២៦ ខែធ្នូ ក៏ប៉ុន្តែលោក Lian មិនបានវិលមកសហរដ្ឋអាមេរិកវិញឡើយ។ ហេតុនេះ លោក Lian ក៏ត្រូវអាជ្ញាធរអាមេរិកតាមចាប់ខ្លួនពីបទរត់ចោលជួរកងទ័ពផងដែរ៕