(រីយ៉ាដ)៖ អគ្គព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតមួយរូប បានស្នើឱ្យមានការផ្ដន្ទាទោសប្រហារជីវិតលើជនសង្ស័យ ០៥នាក់ ក្នុងចំណោម ១១នាក់ ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងប្រទេសតួកគី។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
ការអំពាវនាវរបស់អគ្គរាជអាជ្ញាអារ៉ាប៊ីសាអូឌីត ធ្វើឡើងអំឡុងសវនាការស្ដាប់ជាលើកដំបូង នៅក្នុងសំណុំរឿងឃាតកម្មលើលោក Khashoggi ដែលបណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់អារ៉ាប៊ីសាអូឌីត នៅលើឆាកអន្តរជាតិ ក៏ដូចជាបង្កភាពរកាំរកូស ក្នុងទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសលោកខាងលិចផងដែរ។
គួររំលឹកថា លោក Jamal Khashoggi ជាអ្នកសារព័ត៌មានមកពីកាសែត Washington Post ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូលប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយតួកគីជាច្រើន បានរាយការណ៍ជាបន្តបន្ទាប់ថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន់ គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែតរូបនេះ បើទោះជាទីក្រុងរីយ៉ាដ បានព្យាយាមបដិសេធជាច្រើនដងក៏ដោយ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺមកទល់នឹងពេលនេះ សាកសពរបស់លោក Khashoggi មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ ក្រោយមានការអះអាងថា សាកសពរបស់លោកត្រូវគេ កាត់ជាកង់ៗដាក់ចូលវ៉ាលីយកចេញពីប្រទេសតួកគី ឬក៏បោះចោលក្នុងព្រៃជាដើម៕