(សិង្ហបុរី)៖ ក្រុមហ៊ុនផលិតចំណីអាហារសិង្ហបុរី IRVINS Salted Egg បានសម្ដែងការសោកស្ដាយ និងសូមទោសយ៉ាងខ្លាំងបន្ទាប់ពី អតិថិជនម្នាក់បានឃើញសត្វជីងចក់ងាប់មួយក្បាល នៅក្នុងកញ្ចប់នំស្បែកត្រីបំពង។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមហ៊ុន IRVINS Salted Egg បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាមានអារម្មណ៍តក់ស្លុត នៅពេលដែលបានលឺថា អតិថិជនរបស់យើងបានរកឃើញ សត្វជីងចក់ងាប់មួយក្បាលនៅក្នុងកញ្ចប់នំ ... ហើយយើងពិតជាសោកស្ដាយ និងសូមទោសជាអនេកដល់អតិថិជន និងអ្នកគ្រប់គ្នាដែលបានរងការប៉ះទង្គិចដោយឧប្បទ្ទវហេតុនេះ ទាំងដោយផ្ទាល់ និងប្រយោល»។
គួរបញ្ជាក់ថា ការសូមទោសខាងលើរបស់ IRVINS Salted Egg ធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook ម្នាក់ឈ្មោះ ចេន ហូលឡូវ៉េយ (Jane Holloway) បានបង្ហោះថា សមាជិកគ្រួសាររបស់លោកស្រីបានប្រទះឃើញ សត្វជីងចក់ងាប់មួយក្បាលនៅក្នុងកញ្ចប់នំ។ ហេតុការណ៍នេះក៏បានធ្វើឲ្យមានចែកចាយតៗគ្នា នៅក្នុងបណ្តាញសង្គមសិង្ហបុរី និងតាមរយៈសារព័ត៌មានធំៗផងដែរ៕