(អាហ្រ្វិកខាងត្បូង)៖ អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង​លោក ចាខូប ហ្ស៊ូម៉ា (Jacob Zuma) បានបង្កភាពចម្រូងចម្រាស់នយោបាយ​សាជាថ្មី បន្ទាប់ពីបាន​ចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ ចេញអាល់ប៊ុមចម្រៀង​របស់​លោក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

ភាពចម្រាស់ចម្រូងមិនមែនកើតឡើងដោយ​សារគ្រាន់តែ​លោក Zuma ចេញអាល់ប៊ុម​ចម្រៀងនោះទេ ប៉ុន្តែអ្វីដែល​សំខាន់គឺគណបក្ស​ប្រឆាំងសម្ព័ន្ធ​ប្រជាធិបតេយ្យ Democratic Alliance (DA) បានសម្ដែងការ​មិនសប្បាយចិត្ត​ជាខ្លាំង ចំពោះអាជ្ញាធរ​នៅក្នុងតំបន់ អ៊ីធែកវីនី (eThekwini) សម្រាប់​ការប្រើប្រាស់​មូលនិធិរបស់រដ្ឋាភិបាល នៅក្នុងតំបន់គាំទ្រ​ការចេញអាល់ប៊ុមចម្រៀង​របស់អតីត​ប្រធានាធិបតី អាហ្វ្រិកខាងត្បូង​រូបនេះ ដោយពួកគេចាត់​ទុកជា ការចំណាយធនធាន​ខ្ជះខ្ជាយ​ហើយថា ធនធាន​នេះគួរតែចំណាយទៅលើយុវជន ដែល​កំពុង​ប្រឡូកក្នុងវិស័យ​សិល្បៈវាប្រសើរ​ជាង។

គួរបញ្ជាក់ថា តំបន់ eThekwini ស្ថិតនៅ​ក្នុងខេត្ត ក្វាហ្ស៊ូលីណាថាល់ (Kwa Zulu-Natal) ជាទីកន្លែងកំណើតរបស់លោក Jacob Zuma និងជាមូលដ្ឋាន​គាំទ្រដ៏សំខាន់របស់​លោក។ លោក Zuma ត្រូវបាន​គណបក្សលោកផ្ទាល់​បណ្ដេញចេញពីតំណែង​ ជាប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយរងការ​ចោទប្រកាន់ជា​បន្តបន្ទាប់ពី​បទពុករលួយ ដែលលោកបាន​ប្រព្រឹត្តនៅ​អំឡុងឆ្នាំ ១៩៩០ បើទោះជា​លោកបដិសេធ​ក៏ដោយ៕