ឥណ្ឌូណេស៊ី៖ ការរុករកប្រអប់ខ្មៅទីពីរនៃយន្តហោះ Lion Air ដែលធ្លាក់ស្លាប់មនុស្សជិត២០០នាក់ ត្រូវបញ្ចប់ក្រោយពីរកពុំឃើញសោះ!
03-01-2019 14:15
(ហ្សាការតា)៖ ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ប្រអប់ខ្មៅទីពីររបស់យន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រជ្វា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែតុលា ដែលបានសម្លាប់មនុស្សដល់ទៅ ១៩៨នាក់នោះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
កាលពីខែធ្នូកន្លងទៅ អាកាសចរណ៍ Lion Air បានប្រកាសថា ខ្លួនបានផ្តល់ថវិកា២.៦លានដុល្លារសម្រាប់ការបន្តស្វែងរកប្រអប់ខ្មៅទីពីរ នៃយន្តហោះខាងលើ តាមរយៈការប្រើប្រាស់កប៉ាល់ជំនាញរុករកមួយគ្រឿងឈ្មោះថា MPV Everest។ នាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យ Lion Air បានឲ្យដឹងថា ប្រតិបត្តិការរុករកដោយប្រើកប៉ាល់នេះ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីនៅតែមិនទទួលបានជោគជ័យ។
គួរជម្រាបថា យន្តហោះជើងហោះហើរ JT610 នៃក្រុមហ៊ុនអាកាសចរណ៍ Lion Air បានដាច់ការទាក់ទងបន្ទាប់ពី ១៣នាទី ដែលវាបានហោះចាកចេញពីរដ្ឋធានីហ្សាការតា ដើម្បីឆ្ពោះទៅកាន់ទីក្រុង ផាំងកាល់ ភីណាង (Pangkal Pinang) ហើយវាគឺជាករណីធ្លាក់ដំបូងបង្អស់នៃយន្តហោះស៊េរីថ្មី Boeing 737 MAX ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ Boeing៕