(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ បាននិយាយថាលោកមិនមែនជាអ្នកគាំទ្រប្រទេសជប៉ុន ហើយប្រឆាំងចិននោះទេ ប៉ុន្តែផ្ទុយកទៅវិញលោកគឺជាមិត្តល្អម្នាក់របស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក មហាធៀ គឺជាការឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួន ដែលបានចាត់ទុកលោកជាអ្នកគាំទ្រប្រទេស ជប៉ុន ដោយសារតែលោកបានលុបចោលគម្រោងវិនិយោគជាច្រើនជាមួយចិន បន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ តែយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sin Chew Daily កាលពីពេលថ្មីៗកន្លងទៅ លោក មហាធៀ បានទាត់ចោលការអះអាងទាំងនេះជាមួយការបញ្ជាក់ថាលោកគឺជាមិត្តល្អម្នាក់របស់ចិន។
នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរូបនេះ បានកត់សម្គាល់ដូច្នេះថា៖«ពួកគេបានសួរខ្ញុំថាតើខ្ញុំគិតយ៉ាងម៉េចចំពោះប្រទេសចិន?...ខ្ញុំបានប្រាប់ពួកគេទៅវិញថាម៉ាឡេស៊ីបានរក្សាទំនាក់ទំនងជាមួយចិន...ម្យ៉ាងវិញទៀត គេគ្រប់គ្នាសុទ្ធតែដឹងថាប្រទេសអឺរ៉ុប ដូចជាព័រទុយហ្កាល់គឺនៅឆ្ងាយពីប្រទេសម៉ាឡេស៊ី ប៉ុន្តែពួកគេបែរជាអាចដាក់អាណានិគមលើប្រជាជនម៉ាឡេស៊ីទៅវិញ»។ លោក មហាធៀ បន្ថែមទៀតថា៖« ជនជាតិចិនជាច្រើនកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែចិនមិនដែលដាក់អាណានិគមមកលើពួកយើងឡើយ..ដូច្នេះថាពួកយើងគួរតែខ្លាចចិន ឬអឺរ៉ុប?»។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរថាតើលោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០១៩នេះដែរទេ? លោក មហាធៀ បានឆ្លើយតបដោយឥតស្ទាក់ស្ទើថាលោកនឹងធ្វើដំណើរទៅប្រទេសចិន បើសិនជាចាំបាច់៕