រដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិក បដិសេធការជាប់ពាក់ព័ន្ធជម្លោះផលប្រយោជន៍ ជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing (Video Inside)
03-01-2019 12:20
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក ផាទ្រីក សាណាហាន់ (Patrick Shanahan) បានអះអាងថា លោកមិនមានជាប់ពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍ ឬក៏មុខជំនួញរបស់ក្រុមហ៊ុនផលិតយន្ដហោះ Boeing នៅអំឡុងពេលកាន់តំណែងជាអនុរដ្ឋមន្ត្រីការពារជាតិឡើយ។ នេះបើតាមសម្តីអ្នកនាំពាក្យរបស់លោក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
អ្នកនំាពាក្យលោក Shanahan បានបញ្ជាក់យ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិកបានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍ ឬក៏មុខជំនួញរបស់ក្រុមហ៊ុន Boeing នៅអំឡុងពេលលោកកាន់តំណែង ជាអនុរដ្ឋមន្ត្រីការពារជាតិនោះទេ»។ លោក Shanahan ធ្លាប់បានចំណាយពេលជាង ៣១ឆ្នាំ បម្រើការងារឱ្យក្រុមហ៊ុន Boeing ដែលមានទីស្នាក់ការនៅក្នុងទីក្រុង ឈីកាហ្គោ (Chicago) មុននឹងលោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា លោក Shanahan ដែលគ្មានបទពិសោធន៍ខាងវិស័យការពារជាតិទាល់តែសោះ បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារស្ដីទី កាលពីថ្ងៃចន្ទកន្លងទៅក្រោយលោក ចេមស៍ ម៉ាត់ទីស (James Mattis) បញ្ចប់ភារកិច្ចជារដ្ឋមន្ត្រីការពារជាតិ តាមរយៈការលាលែងពីតំណែង បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដកកងទ័ពអាមេរិកជាង ២,០០០នាក់ចេញពីប្រទេសស៊ីរី៕