(ម៉ូស្គូ)៖ សារព័ត៌មាន Washington Free Beacon នាពេលថ្មីនេះ បានរាយការណ៍ថា ចិនបានបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលទំនើបចុងក្រោយបំផុតរបស់ខ្លួន ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចបាញ់ដល់គ្រប់ទីកន្លែងនៃទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
យោងតាម Washington Free Beacon មីស៊ីលដែលចិនបានធ្វើតេស្ដជាសម្ងាត់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឯសមុទ្រ Bohai គឺមានឈ្មោះថា JL-3 ឬ Julong-3 ឬក៏អាចហៅម្យ៉ាងទៀតបានថា «រលកយក្ស»។ សារព័ត៌មានអាមេរិកដដែលបានបញ្ជាក់ទៀតថា មីស៊ីល Julong-3 អាចបាញ់បានចំងាយច្រើនជាង ៩,០០០គីឡូម៉ែត្រ ហើយមីស៊ីសស៊េរីថ្មីនេះទៀតសោត ត្រូវបានបាញ់ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ Type 096 មានសមត្ថភាពផ្ទុកមីស៊ីល ២៤គ្រាប់។
តែទោះជាយ៉ាងនេះក្ដី សារព័ត៌មានរដ្ឋចិនជាច្រើនបានច្រានចោលសេចក្ដីរាយការណ៍របស់សារព័ត៌មាន Washington Free Beacon ដោយអះអាងថា សូម្បីតែឈ្មោះពិតប្រាកដរបស់មីស៊ីលនោះ ក៏សារព័ត៌មានអាមេរិកមួយនេះមិនដឹងច្បាស់ផង។ ពោលគឺ «Julong» ប្រែថា «នាគរាជដ៏អស្ចារ្យ» រីឯ «រលកយក្ស» គឺមានន័យស្មើនឹងពាក្យ «Julang» នៅក្នុងភាសាចិន។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានអាមេរិកខាងលើ នាវាមុជទឹកនុយក្លេអ៊ែរ Type 096 បានសាងសង់រួចរាល់ហើយ ដែលនេះគឺផ្ទុយពីការវាយតម្លៃរបស់មន្ទីរបញ្ចកោណកាលពីប៉ុន្មានខែមុនថា ចិនត្រូវការប្រើពេលជាច្រើនឆ្នាំឯណោះ ដើម្បីអាចផលិតនាវាមុជទឹកនេះបានសម្រេចទៅរួច៕