(វ៉ាស៊ីនតោន)៖ ក្រុមការងារនៃបេសកកម្មយានអវកាស New Horizons របស់អង្គការ NASA នាថ្ងៃពុធសប្តាហ៍នេះ បានបញ្ចេញរូបភាពលម្អិតលើកដំបូងនៃអាចម៍ផ្កាយ Ultima Thule ដែលយានអវកាសនេះទើបបានទៅដល់ នៅចុងប្រព័ន្ធព្រះអាទិត្យ ហើយក៏ជារូបភាពដំបូងបំផុតមិនធ្លាប់មាននៅតំបន់ឆ្ងាយបំផុតផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
យាន New Horizon បានធ្វើការហោះហើរឆ្វែលអាចម៍ផ្កាយ Ultima Thule កាលពីថ្ងៃឆ្លងឆ្នាំសកល ដោយវាបានទៅកៀកដុំថ្មអវកាសនេះនៅរយៈចម្ងាយត្រឹម ៣,៥៤០គីឡូម៉ែត្រ ក្នុងល្បឿន ៥០,៦៩៤គីឡូម៉ែត្រក្នុងមួយម៉ោង។ រូបភាពនៃ Ultima Thule បង្ហាញថា អាចម៍ផ្កាយនេះគឺជាថ្មពីរដុំនៅជាប់គ្នា ដោយពីចុងម្ខាងទៅម្ខាងមានប្រវែងប្រហែល ៣១គីឡូម៉ែត្រ។
ក្រុមការងារនៃយាន New Horizon បានដាក់ឈ្មោះដុំថ្មដែលធំជាងថា Ultima ដែលមានមុខកាត់ប្រវែង ១៩គីឡូម៉ែត្រ និងដុំដែលតូចជាងថា Thule ជាមួយមុខកាត់១៤គីឡូម៉ែត្រ។ ថ្មទាំងពីរនេះត្រូវអ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា ទំនងជាបានមកជាប់គ្នាយ៉ាងដូច្នេះ តាំងពីសម័យនៃការកកើតប្រព័ន្ធព្រះអាទិត្យមកម្ល៉េះ ហើយរូបរាងដ៏ចម្លែកមិនធ្លាប់បានឃើញរបស់វា គឺជាការបង្ហាញពីដំណើរការនៃការបង្កើតភពនៅក្នុងប្រព័ន្ធសូឡា កាលពី ៤.៥ពាន់លានឆ្នាំមុន។
គួរជម្រាបថា អាចម៍ផ្កាយ Ultima Thule ស្ថិតនៅចម្ងាយ ៦.៤ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ និងចម្ងាយ ១.៦ពាន់លានគីឡូម៉ែត្រពីភពភ្លុយតូ ហើយវាជាវត្ថុអវកាសនៅដាច់ឆ្ងាយបំផុត ដែលត្រូវបានសិក្សាស្រាវជ្រាវដោយផ្ទាល់ពីមនុស្សលោកយើង៕