(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះថា ការដកកងទ័ពអាមេរិកចេញពីទឹកដីស៊ីរី គឺត្រូវការពេលវេលា ដែលការថ្លែងបែបនេះត្រូវបានធ្វើឡើងដើម្បីច្រានចោលការលើកឡើងមិនផ្លូវការថា អាមេរិកនឹងដកទ័ពចេញពីស៊ីរីក្នុងអំឡុងពេលបួនខែ បន្ទាប់ពីការប្រកាសកាលពីចុងឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាត្រូវការពេលវេលា... ខ្ញុំមិនដែលបាននិយាយថា យើងត្រូវដកទ័ពចេញស្អែកនោះឡើយ...។» ការលើកឡើងរបស់លោក ត្រាំ បែបនេះគឺជាការឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានក្នុងសេតវិមាន ដែលពួកគេចង់បានកាលបរិច្ឆេទជាក់លាក់ នៃការដកទ័ពអាមេរិកចេញយ៉ាងពិតប្រាកដពីទឹកដីស៊ីរី ខណៈកន្លងមកនេះ សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន មិនបានបង្ហាញការគាំទ្រចំពោះផែនការរបស់លោក ដូណាល់ ត្រាំ នោះឡើយ។
គួរបញ្ជាក់ថា លោក ត្រាំ បានច្រានចោលការចេញផ្សាយរបស់កាសែត New York Times កាលពីពេលថ្មីៗនេះថា កងទ័ពអាមេរិកប្រមាណ ២,០០០នាក់ មានរយៈពេល ០៤ខែ ក្នុងការរៀបចំដកខ្លួនចេញពីទឹកដីស៊ីរី។ លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដកទ័ពចេញពីស៊ីរីកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមហេតុផលធំមួយថា សហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការកម្ចាត់ក្រុមភេរវករ ISIS នោះហើយ៕